ប្រទេសតួកគី៖ ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យចំនួន១២នាក់កាលពីថ្ងៃអង្គារក្នុងការវាយឆ្មក់ដំណាលគ្នាដែលកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ក្រុមប្រឆាំងភេរវកម្មបានធ្វើការវាយឆ្មក់យ៉ាងមានប្រសិទ្ធភាពនៅទីតាំងចំនួន១៧ ក្នុង៩ស្រុកទូទាំងទីក្រុងអ៊ីស្តង់ប៊ុល រឹបអូសបានសម្ភារៈឌីជីថល និងឯកសារអង្គភាពមួយចំនួនធំ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ TRT។
ប៉ូលិសបានរកឃើញថា ជនសង្ស័យបានប្រើប្រាស់កម្មវិធីផ្ញើសារតាមអ៊ីនធឺណិតដើម្បីចែកចាយខ្លឹមសារឃោសនា ក្នុងនោះមានទាំងវីដេអូបង្រៀនធ្វើគ្រាប់បែកកែច្នៃ។
ពួកគេក៏បានចែកចាយសម្ភារៈដែលគាំទ្រក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) លើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានគេជឿថាកំពុងរកពេលវេលាដើម្បីធ្វើសកម្មភាពភេរវកម្ម។
ប៉ូលិសបានរឹបអូសអាវុធ និងគ្រាប់រំសេវក្នុងពេលឆែកឆេរនៅទីតាំងទាំងនោះ។
គួររំលឹកផងដែរថា ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមកតួកគីរងការវាយប្រហារជាច្រើនលើកច្រើនសារពីក្រុមនេះ។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មរាប់មិនអស់ទាំងក្នុង និងក្រៅប្រទេស៕









