ប្រទេសប៉ាគីស្ថាន៖ នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិសបានចាប់ខ្លួនភេរវករ៧នាក់ដែលពួកគេជាអ្នកសម្របសម្រួលក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីសហព័ន្ធនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការលើកឡើងរបស់ CTD។
យ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅអគារតុលាការស្រុកក្នុងទីក្រុងអ៊ីស្លាមបាដកាលពីថ្ងៃអង្គារ។
នាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា អ្នកសម្របសម្រួលត្រូវបានចាប់ខ្លួននៅទីក្រុងរ៉ាវ៉ាលពិនឌី ភាគខាងកើតរបស់ប្រទេសនេះ។ ការវាយឆ្មក់ត្រូវបានធ្វើឡើងនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ មុនពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាត អ្នកសម្របសម្រួល និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានឈ្លបយកការណ៍ជាច្រើនលើកនៅអគារតុលាការនេះ។
នាយកដ្ឋានប្រឆាំងភេរវកម្មបានបន្ថែមថា អ្នកសម្របសម្រួលដែលចាប់ខ្លួនបានទាំងនេះត្រូវបានបញ្ជូនទៅកាន់ទីតាំងសុវត្ថិភាពដោយភ្នាក់ងារសន្តិសុខ ដើម្បីស៊ើបអង្កេតបន្ថែម៕









