កុងហ្គោ៖ យ៉ាងហោចណាស់មនុស្ស២០នាក់ត្រូវបានសម្លាប់ក្នុងពេលពេញមួយយប់ថ្ងៃសុក្រចូលថ្ងៃសៅរ៍ក្នុងការវាយប្រហារមួយដែលគេសន្មតថាធ្វើឡើងដោយក្រុមឧទ្ទាមកងទ័ពប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នេះបើតាមប្រភពនៅក្នុងស្រុក។
ពួកឧទ្ទាមបានវាយឆ្មក់លើភូមិប៊ីយ៉ាមវី ក្នុងទីក្រុងលូប៊ែរ៉ូ ខេត្តគីវ៉ូខាងជើង ប្លន់យកទ្រពសម្បត្តិនៅតំបន់នោះ ហើយដុតបំផ្លាញផ្ទះប្រមាណជា២០ខ្នង។ បន្ទាប់មកពួកគេបានធ្វើដំណើរទៅតំបន់ម៉ាបៀនហ្គូនៅក្បែរនោះ ដែលគេរាយការណ៍ថាមានស្លាប់មនុស្សបន្ថែមទៀតនិងបាត់បង់សម្ភារៈមួយចំនួន។
អ្នកវាយប្រហារក៏បានកំណត់គោលដៅលើមណ្ឌលសុខភាពនៅក្នុងភូមិប៊ីយ៉ាមវីផងដែរ ហើយមនុស្សជាច្រើននាក់នៅតែបាត់ខ្លួនតាំងពីថ្ងៃសៅរ៍។
កងទ័ពប្រជាធិបតេយ្យសម្ព័ន្ធមិត្តដែលជាក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមានដើមកំណើតនៅអ៊ូហ្គង់ដា បានបង្កើនការវាយប្រហារលើភូមិជាច្រើននៅខេត្តគីវ៉ូខាងជើង និងខេត្តអ៊ីទូរិ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយកំណត់គោលដៅជាចម្បងទៅលើជនស៊ីវិល។
យោងតាមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឱ្យដឹងថា ការវាយប្រហារទាំងនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៥២នាក់នៅខេត្តគីវ៉ូខាងជើង ចន្លោះថ្ងៃទី៩ ដល់ទី១៦ ខែសីហា។ នៅចុងខែកក្កដា ជនស៊ីវិលប្រមាណជា៤០នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅព្រះវិហារកាតូលិកនៅខេត្តអ៊ីទូរិ។
ប្រតិបត្តិការយោធារួមគ្នារបស់កុងហ្គោ និងអ៊ូហ្គង់ដាប្រឆាំងនឹង ADF បាននិងកំពុងបន្តចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែការវាយប្រហាររបស់ក្រុមឧទ្ទាមនេះនៅមានជាបន្ត៕









