ស្លាប់៧នាក់ របួសម្នាក់ក្នុងការវាយប្រហារប្រដាប់អាវុធនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ សមាជិក៧នាក់នៃគណៈកម្មាធិការសន្តិភាពគាំទ្ររដ្ឋាភិបាលត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារប្រដាប់អាវុធ នៅក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់ប៉ូលិសកាលពីថ្ងៃសុក្រ។

យោងតាមប៉ូលិសបានឱ្យដឹងថា ក្រុមប្រដាប់អាវុធធន់ធ្ងន់បានវាយប្រហារលើមជ្ឈមណ្ឌល

គណៈកម្មាធិការសន្តិភាពនៅក្នុងស្រុកបាននូកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បង្កឱ្យមានការបាញ់ប្រហារគ្នាដែលមានរយៈពេលជាច្រើនម៉ោង។ មន្ត្រីប៉ូលិសម្នាក់បានប្រាប់អ្នកយកព័ត៌មានថា សមាជិកគណៈកម្មាធិការ៧នាក់ស្លាប់នៅនឹងកន្លែង ចំណែកឯម្នាក់ផ្សេងទៀតរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះ។

មន្រ្តីដដែលនិយាយថា កងកម្លាំងសន្តិសុខបានបង្កើនការយាមល្បាតនៅក្នុងតំបន់នោះ ហើយចាប់ផ្តើមប្រតិបត្តិការឆែកឆេរបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here