ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦
យ៉ាងហោចណាស់មនុស្ស១០នាក់ស្លាប់រួមមានជនសង្ស័យដែលជាខ្មាន់កាំភ្លើងម្នាក់ និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណក្នុងការបាញ់ប្រហារមួយក្នុងផ្សារទំនើប Olympia នៃទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ ប៉ូលិសចាត់ទុកថាឧប្បត្តិហេតុនេះជាការវាយប្រហារភេរវកម្ម។ យោងតាមប៉ូលិស និងសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាការបាញ់ប្រហារនេះកើតឡើងទាំងនៅក្នុងផ្សារទំនើប និងនៅតាមដងផ្លូវក្បែរនោះ។ តាមការរាយការណ៍បឋមឲ្យដឹងថាយ៉ាងហោចណាស់មានខ្មាន់កាំភ្លើង៣នាក់ដែលបានចូលរួម ហើយប៉ូលិសប្រកាសថាអ្នកបាញ់ប្រហារកំពុងរត់គេចខ្លួនដែលអាចបង្កគ្រោះថ្នាក់។ ប៉ូលិសរកឃើញសាកសពទី៩ក្នុងចំណោមអ្នកស្លាប់ទាំងក្នុងនិងជុំវិញផ្សារទំនើបដែលអាចជាអ្នកវាយប្រហារម្នាក់ក្នុងចំណោមអ្នកវាយប្រហារទាំងនោះដោយយោងតាមស្នាមរបួសដោយការបាញ់ខ្លួនឯង។ ភ្លាមៗនោះពុំមានការអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះទេ ប៉ុន្តែអ្នកគាំទ្ររដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានប្រារព្វពិធីបុណ្យនៃហេតុការណ៍នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួចទៅហើយ។ មនុស្សម្នាក់នៅកន្លែងកើតហេតុបាននិយាយថាអ្នកវាយប្រហារបានដើរចូលផ្សារទំនើបបន្ទាប់មកបាញ់រះដែលបណ្តាលឲ្យមនុស្សជាច្រើនរងរបួស។ ក្រោយមកមានគេបានរាយការណ៍ថាយ៉ាងហោចណាស់មានអ្នកបាញ់ប្រហារម្នាក់ចាកចេញពីផ្សាទំនើបហើយធ្វើដំណើឆ្ពោះទៅកាន់ស្ថានីយ៍រថភ្លើង៕