ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧
យោធាបានបញ្ជាក់នៅថ្ងៃព្រហស្បិ៍នេះថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលចាប់ជំរិតមនុស្សមួយក្រុមនៅក្នុងប្រទេសហ្វីលីពីនបានដោះលែងជនជាតិហ្វីលីពីន២នាក់បន្ទាប់ពីការចាប់ធ្វើជាឈ្លើយសឹកបានជិត៣ខែ និងមិនដល់១សប្តាហ៍ទេក៏មានការដោះលែងជាលើកទី២ បន្ទាប់ពីក្រុមឃោរឃៅនេះកាត់ក្បាលជនបរទេសជាច្រើននាក់។ វានៅមិនទាន់ច្បាស់លាស់នោះទេអំពីទំហំទឹកប្រាក់នៃការបង់លោះយកមនុស្សមកវិញ ប៉ុន្តែយោធានិយាយថាក្រុមយោធារបស់ខ្លួនកំពុងតែបង្កើនប្រតិបត្តិការកាន់តែខ្លាំងប្រឆាំងទៅនឹងក្រុម Abu Sayyaf ដើម្បីបង្ខំឱ្យក្រុមនេះដោះលែងឈ្លើយសឹកមកវិញ។ លោក Franco Alano អ្នកនាំពាក្យបញ្ជាការយោធានិយាយថា “យើងបានធ្វើការបន្ថែមនូវកងកម្លាំងជាច្រើនទៀតសម្រាប់ប្រតិបត្តិការមួយនេះ”។ កាលពីថ្ងៃសៅរ៍មុន ក្រុម Abu Sayyaf បានដោះលែងប្រធានក្រុមនាវាដឹកទំនិញ និងសមាជិកនាវិកម្នាក់ដែលចាប់ខ្លួនតាំងពីខែតុលា។ ក្រុមមួយនេះបានកើតឡើងចេញពីមនោគមវិជ្ជាផ្តាច់ខ្លួន ហើយបង្កភាពភ័យខ្លាចជាច្រើនដល់ប្រជាពលរដ្ឋដោយមានការចាប់ខ្លួនឈ្លើយសឹកជនជាតិបរទេស និងជនជាតិហ្វីលីពីននៅលើកោះ Jolo ហើយនៅលើកោះនេះមានការដាក់ពង្រាយកម្លាំងកងទ័ពយ៉ាងរឹងមាំរហូតដល់ទៅ១០,០០០នាក់។ យោធារំពឹងថាឈ្លើយសឹកជាច្រើនទៀតនឹងត្រូវដោះលែងនាពេលខាងមុខនេះ៕