ប្រភពព័ត៌មានពី NEWSER ចុះផ្សាយថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧
ប៉ូលិសនិយាយថាបុរសម្នាក់មានចេតនាបើករថយន្តចូលទៅកាន់ផ្លូវទីប្រជុំជនដែលមានអ្នកថ្មើរជើងជាច្រើនកំពុងធ្វើដំណើរនៅក្នុងទីក្រុងធំទី២របស់ប្រទេសអូស្រ្តាលីកាលពីថ្ងៃសុក្រនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និង២០នាក់ផ្សេងទៀតរងរបួស។ ក្រុមមន្រ្តីនិយាយថាហេតុការណ៍នេះមិនមានជាប់ទាក់ទនទៅនឹងអំពើភេរវកម្មនោះទេ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ឲ្យដឹងថាភាពចលាចលនេះចាប់ផ្តើមនៅពេលរសៀលបន្ទាប់ពីបុរសម្នាក់ដែលគេមើលឃើញថាបានបើកបរខុសប្រក្រតីនៅកណ្ដាលផ្លូវប្រសព្វដ៏ធំមួយនៅកណ្តាលក្រុង Melbourne។ លោក Stuart Bateson មេបញ្ជាការស្តីទីប៉ូលិសប្រចាំរដ្ឋ Victoria បាននិយាយថាអ្នកបើកបរបានបើកឡានត្រឡប់ទៅកាន់ផ្លូវ Bourke Street Mall ដែលជាផ្លូវសម្រាប់អ្នកថ្មើរជើង ហើយមានចេតនាបើករថយន្តបុកអ្នកថ្មើរជើងមុននឹងបន្តឆ្ពោះទៅលើចិញ្ចើមផ្លូវ ហើយបន្តបុកមនុស្សជាច្រើនទៀតនៅទីនោះ។ លោក Bateson បានឱ្យដឹងថាបុរសម្នាក់នេះត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ និងពុំមានការគំរាមកំហែងបន្ថែមទៀតដល់សាធារណជនឡើយ។ ប៉ូលិសបាននិយាយថាបុរសដែលជាជនសង្ស័យនេះធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌពីបទប្រើអំពើហិង្សាក្នុងគ្រួសារ និងជាប់ទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន និងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ ប៉ូលិសជឿជាក់ថាហេតុការនេះជាប់ពាក់ព័ន្ធនឹងការចាក់ដោតនឹងរឿងដែលបានកើតឡើងថ្មីៗនេះ។ សារព័ត៌មាន Herald Sun បានឲ្យដឹងថាក្នុងចំណោមមនុស្ស៣នាក់ដែលស្លាប់មានក្មេងប្រុសម្នាក់ផងដែរ៕