ក្រុមសកម្មប្រយុទ្ធអាល់កៃដាប្រមាណជា១០០នាក់សម្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងជំរំហ្វឹកហាត់ស៊ីរី

0

ប្រភពព័ត៌មានពី USA TODAY ចុះផ្សាយថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧

ប្រភពពីមន្ទីរបញ្ចកោណប្រកាសកាលពីថ្ងៃសុក្រនេះថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងយន្តហោះគ្មានមនុស្សបើកចាប់ផ្តើមវាយប្រហារតាមអាកាសប្រឆាំងទៅលើមូលដ្ឋានបណ្តុះបណ្តាលអាល់កៃដានៅក្នុងប្រទេសស៊ីរីសម្លាប់ពួកសកម្មប្រយុទ្ធប្រមាណជា១០០នាក់។ សេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់លោកវរនាវីឯកកងទ័ពជើងទឹក Jeff Davis អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងទៀតថាជំរំបណ្តុះបណ្តាល Shaykh Sulayman ក្នុងខេត្ត Idlib បើកដំណើរការចាប់តាំងពីឆ្នាំ២០១៣មកម្លេះ។ ការវាយប្រហារដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នេះគឺមិនមែនជាផ្នែកមួយនៃយុទ្ធនាការអាកាសចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីនោះទេ។ ការវាយប្រហារនេះគឺជាផ្នែកមួយនៃការប្រតិបត្ដិការប្រឆាំងក្រុមភេរវកម្មរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងវាយប្រហារទៅលើក្រុមអាល់កៃដា និងក្រុមភេរវករផ្សេងទៀតនៅជុំវិញពិភពលោក។ ភាគច្រើននៃការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមត្រូវគេធ្វើឡើងនៅក្នុងភាគឦសាននៃប្រទេសស៊ីរី។ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នេះធ្វើឡើងនៅភាគខាងលិចប្រទេសស៊ីរី ដែលនៅមិនឆ្ងាយពីទីកន្លែងគ្រប់គ្រងរបស់កងកម្លាំងស៊ីរី និងរុស្ស៊ីដែលកំពុងប្រតិបត្តិការ។ លោក Davis បានឲ្យដឹងថាការបំបាត់ចោលនៃជំរំហ្វឹកហាត់នេះបានរំខានដល់ប្រតិបត្តិការបណ្តុះបណ្តាល និងបង្អាក់ដល់ក្រុមរដ្ឋអ៊ីស្លាមក្បាលរឹង និងក្រុមបក្សប្រឆាំងស៊ីរីដែលចូលរួមឬសហការជាមួយក្រុមអាល់កៃដានៅលើសមរភូមិប្រយុទ្ធ។ សូមបញ្ជាក់ថាការវាយប្រហារនេះត្រូវគេទទួលស្គាល់ថាជាប្រតិបត្ដិការប្រឆាំងភេរវកម្មដែលធ្វើឡើងក្រោមការអនុញ្ញាតពីលោកប្រធានាធិបតី Obama៕