ម៉ាឡេស៊ីចាប់ខ្លួនមនុស្ស៤នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាមថ្មីក្នុងប្រទេសហ្វីលីពីន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

មន្ត្រីប៉ូលិសក្នុងប្រទេសម៉ាឡេស៊ីនិយាយកាលពីថ្ងៃច័ន្ទនេះថាមនុស្ស៤នាក់ ដែលមាន៣នាក់ជាជនជាតិបរទេសត្រូវចាប់ខ្លួនបន្ទាប់ពីបទសង្ស័យថាពួកគេជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាមថ្មីដែលមានមូលដា្ឋនក្នុងប្រទេសហ្វីលីពីន។ ជនសង្ស័យជនជាតិហ្វីលីពីនអាយុ៣១ឆ្នាំ បុរស២នាក់ទៀតសញ្ជាត្តិបង់ក្លាដែសមានអាយុ២៧ និង២៨ឆ្នាំ និងស្រ្តីម្នាក់ជនជាតិម៉ាឡេស៊ីអាយុ២៧ឆ្នាំ។ ពួកគេទាំង៤នាក់ត្រូវចាប់ខ្លួននៅទីក្រុង Sabah និង Kuala Lumpur នៅចន្លោះថ្ងៃទី១៣ និងថ្ងៃទី១៩ ខែមករានេះ។ ជនសង្ស័យទាំងនេះត្រូវគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាមបង្កើតថ្មីដែលមានគម្រោងក្នុងការបង្កើតការវាយប្រហារជាច្រើនចេញពីតំបន់អាស៊ីអាគ្នេយ៍។ ក្រុមរដ្ឋអ៊ីស្លាមបង្កើតថ្មីនេះដឹកនាំដោយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យម៉ាឡេស៊ីម្នាក់ឈ្មោះលោក Mahmud Ahmad ដែលសហការជាមួយនឹងក្រុម Abu Sayyaf ក្រោមការដឹកនាំរបស់ Isnilon Hapilon។ ជនជាតិហ្វីលីពីនដែលជាប់សង្ស័យនេះត្រូវបានគេជឿជាក់ថាជាសមាជិករបស់ក្រុមនេះដែលគាត់ធ្វើការជាអ្នកលក់នាឡិកាដៃក្នុងតំបន់ Kota Kinabalu នៅក្នុងទីក្រុង Sabah មុនពេលដែលគាត់ត្រូវចាប់ខ្លួននៅថ្ងៃទី១៣ ខែមករា។ គាត់ត្រូវបានគេចោទប្រកាន់ថាបានប្រគល់ភារកិច្ចក្នុងការជ្រើសរើសសមាជិករដ្ឋអ៊ីស្លាមថ្មីចេញពីប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសបង់ក្លាដែស។ គាត់រើសយកសមាជិកដែលជាជនសង្ស័យ៣នាក់ផ្សេងទៀតដែលក្នុងនោះស្រី្តជនជាតិម៉ាឡេស៊ីរូបនេះអះអាងថានាងមានគម្រោងក្នុងការរៀបការជាមួយបុរសម្នាក់នេះ៕