ជប៉ុនចាប់ផ្តើមបង្ហោះផ្កាយរណបទំនាក់ទំនងសម្រាប់យោធាលើកដំបូង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧

ប្រទេសជប៉ុននិយាយកាលពីថ្ងៃអង្គារិ៍នេះថាបានចាប់ផ្តើមបង្ហោះផ្កាយរណបទំនាក់ទំនងសម្រាប់កងកម្លាំងយោធាលើកដំបូងដើម្បីជម្រុញសមត្ថភាពការការពារខ្លួនរបស់កងកម្លាំង (Self Defense Forces)។ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី Shinzo Abe បានឱ្យដឹងថា ប្រតិបត្តិការលើកនេះគឺដើម្បីប្រឆាំងទៅនឹងការកើនឡើងសកម្មភាពរបស់ចិននៅក្នុងតំបន់។ ប្រព័ន្ធផ្កាយរណប Satellite នេះបានដាក់ហោះនៅលើកំពង់ផែអវកាស Tanegashima របស់ប្រទេសជប៉ុនដែលបានវិលចូលប្រព័ន្ធផ្កាយដោយជោគជ័យ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Mitsubishi Heavy។ ប្រព័ន្ធផ្កាយរណបលើកនេះជាគម្រោងមួយដែលមានឈ្មោះហៅថា X-Band Satellites ដែលអនុញ្ញាតឱ្យមានទំនាក់ទំនងដែលគ្រប់ដណ្តប់ពាសពេញតំបន់។ ប្រទេសចិន និងប្រទេសជប៉ុនមានជម្លោះជាច្រើននៅក្នុងដែនសមុទ្រចិនខាងកើតពាក់ព័ន្ធនឹងកោះ Senkaku ក្នុងប្រទេសជប៉ុន និងកោះ Diaoyu ប្រទេសចិន។ នៅក្នុងរយៈពេល៩ខែដែលចាប់ពីខែមេសារហូតដល់ខែធ្នូ ប្រទេសជប៉ុនបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងដើម្បីប្រឆាំងទៅនឹងយន្តហោះរបស់ចិនដែលខិតជិតដែនអាកាសរបស់ប្រទេសជប៉ុនប្រមាណជា៦៤៤ដងដែលច្រើនជាងឆ្នាំមុនដែលមានប្រមាណជា៣៧៣ដងប៉ុណ្ណោះ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិជប៉ុនបញ្ជាក់ឱ្យដឹងកាលពីថ្ងៃសុក្រនេះ៕