ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧
កាលពីថ្ងៃសុក្រនេះតុលាការយោធាថៃបានកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ និង៤ខែពីបទបរិហាកេរ្តិ៍ខ្សែរាជវង្ស និងបទឧក្រិដ្ឋកម្មកុំព្យូទ័រតាមរយៈការបង្ហោះសារនានានៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោកកាលពីឆ្នាំ២០១៦។ ច្បាប់រដ្ឋធម្មនុញ្ញថៃបានចែងអំពីស្ថានទម្ងន់ទោសដ៏ធ្ងន់ធ្ងរសម្រាប់អ្នកដែលជេរប្រមាថឬបរិយារកេរ្តិ៍ក្រុមគ្រួសារញាតិវង្សថៃ ជាពិសេសទៅលើព្រះមហាក្សត្រ មហាក្សត្រី និងព្រះរាជទាយាទជាដើម។ អ្នកទោសនីមួយៗនឹងអាចជាប់ពន្ធនាគារហូតដល់ទៅ១៥ឆ្នាំឯណោះ។ បុរសដែលត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគារខាងលើនេះឈ្មោះលោក Burin Intin អាយុ២៨ឆ្នាំ ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីចូលរួមនៅក្នុងការតវ៉ាដោយសន្តិវិធីមួយប្រឆាំងនឹងរបបដឹកនាំយោធាថៃនៅក្នុងទីក្រុងបាំងកកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ មេធាវីរបស់លោក Burin Intin ថ្លែងប្រាប់អ្នកសារព័ត៌មានថាកូនក្តីរបស់លោកនឹងមិនធ្វើការប្តឹងឧទ្ធរណ៍នោះឡើយ ប៉ុន្តែលោកនឹងដាក់លិខិតស្នើសុំព្រះរាជ្យទានទោសពីព្រះមហាក្សត្រ៕
