ហេតុការណ៍បុករះលើផ្លូវថ្មើរជើងនៅ Bourke Street Mall ៖ ជនរងគ្រោះទី៦​ស្លាប់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧

ស្ត្រីម្នាក់អាយុ៣០ឆ្នាំស្លាប់បាត់នៅថ្ងៃច័ន្ទនេះបន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់រថយន្តបុករះលើផ្លូវអ្នកដំណើរថ្មើរជើង Bourke Street Mall ក្នុងទីក្រុង Melbourne កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ។ នាងក្លាយជាជនរងគ្រោះទី៦ដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះ។ មនុស្ស៥នាក់ផ្សេងទៀតដែលក្នុងនោះមានក្មេងប្រុសតូចម្នាក់អាយុ៣ឆ្នាំស្លាប់បន្ទាប់ពីជនសង្ស័យវ័យ២៦ឆ្នាំនេះបើកឡានសម្រុកចូលទៅកាន់កន្លែងដែលមានមនុស្សដើរអ៊ូអរ។ ប៉ូលិសបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទថា “មនុស្ស៣៧នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍មួយនេះ និងមនុស្ស៩នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលម្នាក់ក្នុងចំណោមពួកគេមានសភាពធ្ងន់ធ្ងរ”។ បុរសដែលជាអ្នកបើកបរនេះរងការចោទប្រកាន់ពីបទឃាតកម្មលើមនុស្ស៥នាក់ដោយចេតនា និងមានការចោទប្រកាន់ជាច្រើនផ្សេងទៀត។ បុរសម្នាក់នេះនឹងត្រូវបញ្ជូនទៅតុលាការនៅក្នុងខែសីហាខាងមុខនេះ។ បន្ថែមពីនេះទៀតប៉ូលិសបញ្ជាក់ថាគ្រោះថ្នាក់បុករះនេះមិនមែនជាអំពើភេរវកម្មអ្វីនោះទេ៕