គណបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ាថ្លែងថាការស្លាប់របស់មេធាវីមូស្លីមកំពុងតែបំផ្លាញនយោបាយក្នុងប្រទេស

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧

គណបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ាបញ្ជាក់នៅថ្ងៃច័ន្ទនេះថាការបាញ់សម្លាប់មេធាវីកំពូលជនជាតិមូស្លីម និងជាទីប្រឹក្សារបស់លោកស្រី Aung San Suu Kyi នៅខាងក្រៅព្រលានយន្តហោះ Yangon Airport ជាការបំផ្លាញនយោបាយក្នុងប្រទេស និងជាទង្វើរភេរវកម្ម។ លោក Ko ni ទីប្រឹក្សាផ្ទាល់របស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League of Democracy) ត្រូវឃាតករបាញ់សម្លាប់នៅត្រង់ក្បាលកាលពីរសៀលថ្ងៃអាទិត្យពេលដែលគាត់រង់ចាំនៅខាងក្រៅព្រលានយន្តហោះខណៈដែលគាត់កំពុងតែកាន់ដៃចៅប្រុសរបស់គាត់។ រូបថតមួយដែលបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយបង្ហាញយ៉ាងច្បាស់ថាខ្មាន់កាំភ្លើងឈរពីក្រោយគាត់នឹងបាញ់ប្រហារតែម្តង។ មន្ត្រីប៉ូលិសនៅមិនទាន់បញ្ជាក់អំពីមូលហេតុដែលជម្រុញឱ្យមានការបាញ់សម្លាប់នៅឡើយទេ ប៉ុន្តែលោក Ko Ni បុគ្គលម្នាក់ជនជាតិមូស្លីមដែលមានភាពលេចធ្លោនិយាយប្រឆាំងទៅនឹងបញ្ហាសាសនា និងរិះគន់ទៅលើការក្តាប់ទ័ពនៃអំណាចរបស់យោធា។ អ្នកបើករថយន្ត Taxi ម្នាក់ដែលព្យាយាមបញ្ឈប់ខ្មាន់កាំភ្លើងក៏ត្រូវបាញ់សម្លាប់នៅត្រង់ក្បាលផងដែរមុនពេលដែលជនសង្ស័យដែលមិនទាន់ស្គាល់អត្តសញ្ញាណនេះត្រូវចាប់ខ្លួន។ គួរបញ្ជាក់ផងដែរថាលោក Ko Ni ទើបតែវិលត្រឡប់មកពីដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងរដ្ឋាភិបាលក្នុងតំបន់ពិភាក្សាទៅលើភាពតានតឹងក្នុងរដ្ឋ Rakhine៕