ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៧
ប៉ូលិសស្រីលង្កាចាប់ខ្លួនហោរាដែលទស្សន៍ទាយថាប្រធានាធិបតី លោក Maithripala Sirisena នឹងស្លាប់។ ប្រជាជនស្រីលង្កាភាគច្រើនអនុវត្តតាមការផ្តល់ដំបូន្មានរបស់ហោរាសាស្ដ្រដើម្បីធ្វើការសម្រេចចិត្តឬក៏មានមន្ទិលទៅលើអ្វីមួយ។ លោកហោរា Vijitha Rohana Wijemuni ជាអតីតនាវិកកងទ័ពជើងទឹកធ្លាប់ត្រូវផ្តន្ទាទោសពីបទប៉ុនប៉ងធ្វើឃាតលោកនាយករដ្ឋមន្រ្តីប្រទេសឥណ្ឌាលោក Rajiv Gandhi ដោយគ្រានោះហោរារូបនេះបានឈ្លានពានដល់លោកនាយករដ្ឋមន្រ្តីនៅពេលដែលរូបលោកបានទៅទស្សនាកោះមួយក្នុងឆ្នាំ ១៩៨៩។ ផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ូលិសបានឲ្យដឹងថាហោរា Wijemuni ត្រូវចាប់ខ្លួនកាលពីល្ងាចថ្ងៃអង្គារពីបទចោទប្រកាន់ការបង្កើតការព្យាករមិនពិត និងការអត្ថាធិប្បាយដែលអាចនាំឲ្យប្រជាជនមានការភាន់ច្រឡំ។ ហោរារូបនេះក៏បានបង្ហោះវីដេអូជាច្រើននៅលើហ្វេសប៊ុកដែលបានព្យាករថាលោកប្រធានាធិបតី Sirisena អាចនឹងស្លាប់ដោយសារជំងឺឬគ្រោះថ្នាក់ណាមួយមុនថ្ងៃទី ២៧ ខែ មករា ឆ្នាំនេះ។ ការព្យាកររបស់គាត់បានធ្វើឲ្យមានការតក់ស្លុតដល់មន្ត្រីរដ្ឋាភិបាលកំពូលក៏ដូចជាលោក Nimal Bopage ដែលជាលេខាធិការក្រសួងប្រព័ន្ធផ្សព្វផ្សាយដោយរូបលោកបានធ្វើការស្នើសុំដល់មេប៉ូលីសធ្វើការស៊ើបអង្កេតទៅលើករណីនេះកាលពីខែធ្នូកន្លងមក ហើយក៏មានការសង្ស័យថានេះអាចជាកាធ្វើរដ្ឋប្រហារ និងជាការធ្វើឃាតមួយដែលនៅពីក្រោយនៃការឃោសនារបស់ហោរា Wijemuni៕