ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧
លោកប្រធានាធិបតី Rodrigo Duterte និយាយនៅថ្ងៃព្រហស្បតិ៍នេះថាលោកបានស្នើរសុំទៅកាន់ប្រទេសចិនដើម្បីបញ្ជូនកងកម្លាំងល្បាតសមុទ្រដើម្បីជួយទប់ស្កាត់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងការចាប់ជម្រិតក្រុមនាវិក និងការវាយប្រហារជាច្រើនករណីនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ លោក Duterte បន្ថែមទៀតថាលោកចង់ឱ្យទីក្រុងប៉េកាំងបញ្ជូនកងនាវាដូចអ្វីដែលខ្លួនធ្លាប់បានធ្វើនៅក្នុងឆ្នាំ២០០៩ ក្នុងការបញ្ជូនកងកម្លាំងជើងទឹកទៅកាន់ឈូងសមុទ្រ Aden ដើម្បីការពារនាវាចិនពីការចាប់ជម្រិតពីក្រុមចោរសមុទ្រនៅលើកោះសូម៉ាលី។ លោក Duterte បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានស្នើរទៅកាន់ប្រទេសចិនថាតើពួកគេអាចបញ្ជូនកងល្បាតសមុទ្រអន្តរជាតិដោយមិនចាំបាច់ចូលមកក្នុងទឹកដីនៃប្រទេសនេះទេ។ នាវាពណ៌ប្រផេះមិនចាំបាច់ត្រូវការខ្លាំងនោះទេ។ ខ្ញុំគ្រាន់តែចង់បានកងកម្លាំងល្បាតសមុទ្រដើរល្បាត់ដូចអ្វីដែលពួកគេធ្លាប់ធ្វើនៅលើកោះសូម៉ាត្រា”។ គួរបញ្ជាក់ផងដែរថាក្រុមសកម្មប្រយុទ្ធជាច្រើនក្រុមព្យាយាមបង្កើតក្រុមរដ្ឋអ៊ីស្លាមនៅតំបន់អាស៊ីអាគ្នេយ៍ដែលក្នុងនោះក៏មានកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីនផងដែរ។ លោក Duterte ហាក់ដូចជាអំពាវនាវរកជំនួយពីប្រទេសចិនជាជាងសហរដ្ឋអាមេរិចទោះបីជាប្រទេសទាំង២មានជម្លោះដែនទឹកក៏ដោយ៕