មនុស្ស៤នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះផ្សារទំនើបក្នុងប្រទេសកូរ៉េខាងត្បូង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

មន្រ្តីអាជ្ញាធរបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថាហេតុការណ៍ភ្លើងឆេះនៅផ្សារទំនើបក្នុងប្រទេសកូរ៉េខាងត្បូងបណ្តាលឲ្យមនុស្សស្លាប់៤នាក់ និង៤០នាក់ផ្សេងទៀតរងរបួស។ ប៉ូលិសសង្ស័យថាអណ្តាតភ្លើងបានឆាបឆេះចេញពីការផ្សារដែកនៅក្នុងកន្លែងក្មេងលេងនៅផ្សារទំនើប Metapolis ក្នុងទីក្រុង​ Dongtan ភាគខាងត្បូងទីក្រុងសេអ៊ូល។ មនុស្ស២នាក់ក្នុងចំណោម៤នាក់ដែលបានស្លាប់គឺជាក្រុមសាងសង់ និង២នាក់ផ្សេងទៀតដែលម្នាក់ជាអ្នកធ្វើការងារនៅក្នុងផ្សារទំនើប និងម្នាក់ទៀតជាអ្នកដើរទិញឥវ៉ាន់។ ចំណែកមនុស្ស៤៧នាក់ទៀតដែលរងរបួសគឺដោយសារស្រូបផ្សែង។ ទីកន្លែងកម្សាន្តនេះត្រូវបិទទ្វារក្នុងខណៈដែលភ្លើងឆេះចាប់ផ្តើមឆេះឡើង។ អាជ្ញាធរពន្លត់អគ្គីភ័យបានជម្រុញឱ្យក្រុមអ្នកសាងសង់ធ្វើតាមបទបញ្ញត្តិសុវត្ថិភាពបន្ទាប់ពីរកឃើញថាការឆាបឆេះនេះកើតឡើងដោយសារអណ្តាតភ្លើងបានឆួលឡើងការផ្សារដែក។ គួរបញ្ជាក់ផងដែរថាកាលឆ្នាំ២០០៨ ខែធ្នូធ្លាប់មានហេតុការណ៍ឆេះឃ្លាំងទំនិញមួយនៅភាគខាងកើតទីក្រុង Icheon ដែលសម្លាប់មនុស្ស៨នាក់ និងឆេះផ្សារទំនើបមួយនៅទីក្រុង Koyang ភាគខាងត្បូងទីក្រុងសេអ៊ូលដែលបានសម្លាប់មនុស្ស៩នាក់ និងមនុស្ស៦០នាក់ផ្សេងទៀតរងរបួស៕