រថយន្តរបស់ប្រធានប៉ូលិសស៊ុយអែតផ្ទុះនៅក្នុងរដ្ឋធានី Stockholm

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៧

រថយន្តមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ប្រធានប៉ូលិសទីក្រុង Uppsala ប្រទេសស៊ុយអែដបានផ្ទុះនៅភាគខាងជើងរដ្ឋធានី Stockholm។ ហេតុការណ៍នេះពុំបណ្តាលឲ្យនរណាម្នាក់រងរបួសទេ ប៉ុន្តែពេលនេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេត។ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថារថយន្តនេះចតនៅខាងក្រៅផ្ទះរបស់ប្រធានប៉ូលិសខាងជើងរដ្ឋធានី Stockholm ហើយបានផ្ទុះឡើងនៅព្រឹកថ្ងៃចន្ទ។ ទីក្រុង Uppsala ជាមជ្ឈមណ្ឌលអប់រំរបស់ប្រទេសស៊ុយអែត និងជាទីក្រុងធំបំផុតលំដាប់ទី៤របស់ប្រទេសនេះបន្ទាប់ពីរដ្ឋធានី Stockholm។ ទីក្រុង Malmo ជាទីក្រុងធំបំផុតលំដាប់ទី៣នៅក្នុងប្រទេសស៊ុយអែត ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានបទល្មើសធ្ងន់ធ្ងរជាច្រើនបានកើតឡើង។ កាលពីខែសីហាមានរថយន្ត១៦គ្រឿងត្រូវគេដុតបំផ្លាញនៅផ្នែកផ្សេងៗគ្នាក្នុងទីក្រុងនេះដែលមានចំនួនសរុបនៃការវាយប្រហារដែលបង្កឲ្យមានអគ្គីភ័យរហូតទៅដល់ប្រមាណជា៧០កន្លែងតាំងពីខែកក្កដាឆ្នាំ២០១៦។ កាលពីខែកក្កដាឆ្នាំ២០១៥ ទីក្រុង Malmo រងការវាយប្រហារដោយគ្រាប់បែកចំនួនបួនលើកក្នុងអំឡុងពេលមួយសប្តាហ៍៕