ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០១៧
កងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបណ្តុះបណ្តាលកងកម្លាំងប៉ូលិសអ៊ីរ៉ាក់ចំនួន៣,០០០នាក់ និងមន្រ្តីព្រំដែនដើម្បីផ្តល់សន្តិសុខក្នុងប្រទេសនេះ បន្ទាប់ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានគេរុញចេញពីបន្ទាយដ៏សំខាន់ចុងក្រោយរបស់ពួកគេក្នុងទីក្រុង Mosul។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការបណ្តុះបណ្តាលកងទ័ពជួរមុខដែលវាយរុញច្រានពួកសកម្មប្រយុទ្ធដើម្បីកសាងកម្លាំងសន្តិសុខមួយប្រកបដោយសមត្ថភាពក្នុងការប្រឆាំងនឹងការវិលត្រឡប់មកវិញនៃក្រុមនេះ ដែលពួកគេមានសកម្មភាពភេរវកម្មដោយប្រើប្រាស់ការបំផ្ទុះគ្រាប់បែក និងយុទ្ធវិធីទ័ពឈ្លប។ កងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយសហរដ្ឋអាមេរិកក៏ស្ថិតនៅក្នុងចំណោមនៃកងកម្លាំងចម្រុះដែលវាយបណ្តេញពួកសកម្មប្រយុទ្ធចេញពីទីក្រុង Mosul ដែលជាទីក្រុងធំទី២របស់ប្រទេសនេះ។ លោក Martin មេបញ្ជាការទទួលបន្ទុកបណ្តុះបណ្តាល និងជាទីប្រឹក្សារបស់ប្រទេសអ៊ីរ៉ាក់បានផ្តល់បទសម្ភាសតាមទូរសព្ទពីទីក្រុងបាដាដដែលមានខ្លឹមសារថាកងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់អាចនឹងស្នើសុំការបណ្តុះបណ្តាបន្ត ទោះបីជារដ្ឋអ៊ីស្លាមត្រូវផ្តួលនៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ដោយ។ កងកម្លាំងចម្រុះនេះបានបណ្តុះបណ្តាកងកម្លាំងប៉ូលិសអស់រយៈពេលប្រមាណជា១ឆ្នាំមកហើយ ប៉ុន្តែពេលនេះរដ្ឋាភិបាលអ៊ីរ៉ាក់បានស្នើសុំឲ្យមានវគ្គបណ្តុះបណ្តាលបន្ថែមទៀត។ គួរបញ្ជាក់ថាបន្ទាប់ពីយោធារបស់អ៊ីរ៉ាក់ខ្ចាត់ខ្ចាយដោយការវាយលុកលុយពីពួកសកម្មប្រយុទ្ធនៅក្នុងឆ្នាំ ២០១៤មក កងកម្លាំងចម្រុះបានចាប់ផ្តើមបណ្តុះបណ្តាលដល់កងកម្លាំងប្រយុទ្ធ និងបានផ្តល់នូវអាវុធផ្សេងៗ។ កងកម្លាំងចម្រុះនេះក៏បានបណ្តុះបណ្តាលដល់កងទ័ព៦០,០០០នាក់ក្នុងរយៈពេល២ឆ្នាំកន្លងមក។ កាលពីឆ្នាំមុនកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចម្រុះបានរុញច្រានឱ្យក្រុមសកម្មប្រយុទ្ធចាកចេញពីទីក្រុងRamadi និងទីក្រុង Fallujah ភាគខាងលិចប្រទេសអ៊ីរ៉ាក់។ លោក Michael O’Hanlon អ្នកវិភាគនៅវិទ្យាស្ថាន Brookings ក្នុងទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថាការបន្តវត្តមានរបស់កងកម្លាំងចម្រុះនៅតែជាសេចក្តីត្រូវការដើម្បីរក្សាឲ្យយោធារបស់អ៊ីរ៉ាក់មានភាពស្ទាត់ជំនាញ និងរក្សាទុកឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងតំបន់នេះ។ ក្រៅពីការបណ្តុះបណ្តាលដល់កងកម្លំាំងក្នុងប្រទេសអ៊ីរ៉ាក់ ក៏មានការគាំទ្រខាងផ្នែកអាកាស និងការប្រឹក្សាផងដែរ៕