មន្ទីរបញ្ចកោណ​៖ ការវាយប្រហារក្នុងប្រទេសស៊ីរីសម្លាប់ក្រុមអាល់កៃដា១១នាក់

0

ប្រភពព័ត៌មានពី Newser ចេញផ្សាយថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០១៧

មន្ទីរបញ្ចកោណបានឲ្យដឹងថាយន្តហោះចម្បាំង២គ្រឿងរបស់អាមេរិកដែលស្ថិតនៅជិតទីក្រុង Idlib ភាគពាយព្យប្រទេសស៊ីរីបានសម្លាប់ក្រុមអាល់កៃដា១១នាក់​ ដែលក្នុងចំនោមអ្នកស្លាប់១១នាក់នេះមានម្នាក់មាន​​ទំនាក់ទំនងជាមួយអូសាម៉ាប៊ិនឡាដិន និងមេដឹកនាំអាល់កៃដាជាន់ខ្ពស់ផ្សេងទៀតនេះបើយោយតាមសេចក្តីរាយការណ៍របស់សារព័ព៌មាន AP។ វរនាវីឯកលោក Jeff Davis អ្នកនាំពាក្យកងទ័ពជើងទឹកថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថាការវាយប្រហារគឺប្រើប្រាស់តែយន្តហោះចម្បាំងតែមួយទេកាលពីថ្ងៃទី៣ ខែកុម្ភៈ ដែលបានសម្លាប់ក្រុមប្រតិបត្តិការ១០នាក់នៅក្នុងអាគារមួយដែលប្រើប្រាស់សម្រាប់កិច្ចប្រជុំរបស់ក្រុមអាល់កៃដា។ ការវាយប្រហារលើកទី២នៅថ្ងៃបន្ទាប់ទៀតបានសម្លាប់លោក Abul Gani Al-Masri ដែលបានកំណត់អត្តសញ្ញាណដោយមន្ទីរបញ្ចកោណថាជាក្រុមភេរវកម្មអាល់កៃដាដែលមានតួនាទីជាអ្នកឃ្លាំមើលការបង្កើត និងប្រតិបត្តិការនៃជំរំហ្វឹកហាត់អាល់កៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ១៩៨០ និង១៩៩០។ វរនាវីឯកលោក Jeff Davis បានឲ្យដឹងទៀតថា al-Masri មានទំនាក់ទំនងជាមួយប៊ិនឡាដិន និង Ayman al-Zawahiri ដែលជាបុគ្គលម្នាក់ក្លាយជាមេដឹកនាំក្រុមអាល់កៃដានៅពេលដែលប៊ិនឡាដិនត្រូវកងកម្លាំងសហរដ្ឋអាមេរិកសម្លាប់កាលពីឆ្នាំ២០១១។ លោក Ayman al-Zawahiri ជាមនុស្សតែម្នាក់គត់ដែលជាអ្នកបង្កើតក្រុមជីហាដអ៊ីស្លាមអេហ្ស៊ីបដែលជាក្រុមនិកាយស៊ុននីដំបូងគេដែលប្រើប្រាស់អ្នកវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការវាយប្រហារភេរវកម្មផ្សេងៗ។ គួរបញ្ជាក់ថាក្រុមជីហាដអ៊ីស្លាមអេហ្ស៊ីបដែលហៅកាត់ថា EIJ ជាក្រុមដែលទទួលខុសត្រូវក្នុងការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក​ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិករួមទាំងការប៉ុនប៉ងក្នុងឆ្នាំ១៩៩៨ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសអាល់បានី៕