ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧
សហរដ្ឋអាមេរិក និងប្រទេសជប៉ុនសហការរួមគ្នាក្នុងការបង្កើតប្រព័ន្ធមួយដើម្បីទប់ស្កាត់គ្រាប់ម៉ីស៊ីលផ្លោងបន្ទាប់ពីមានភាពតានតឹងខ្ពស់ទៅលើកម្មវិធីគ្រាប់ម៉ីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ប្រទេសទាំង២ចាប់ផ្តើមធ្វើការជាមួយគ្នាចាប់តាំងពីឆ្នាំ២០០៦ក្នុងការអភិវឌ្ឍស្តង់ដារ Missile-៣ ដែលជាប្រតិបត្តិការមួយនៃប្រព័ន្ធការពារគ្រាប់ម៉ីស៊ីលឆ្លងទ្វីប (Aegis Ballistic Missile Defense System)។ ទីភ្នាក់ងារការពារគ្រាប់ម៉ីស៊ីលរបស់អាមេរិកបញ្ជាក់ថា “ការធ្វើតេស្តសាកល្បងទៅលើប្រព័ន្ធការពារគ្រាប់ម៉ីស៊ីលនេះបានទទួលជោគជ័យនៅលើទីអវកាស”។ យោងទៅតាមការបញ្ជាក់របស់ MDA (Missile Defense Agency) បានឱ្យដឹងថាសហរដ្ឋអាមេរិកចំណាយទឹកប្រាក់ប្រមាណជា២.២ពាន់លានដុល្លារ ចំណែកឯប្រទេសជប៉ុនចំណាយទឹកប្រាក់១ពាន់លានដុល្លារទៅលើការអភិវឌ្ឍប្រព័ន្ធការពារមួយនេះ។ លោក Chris Johnson អ្នកនាំពាក្យរបស់ MDA បានបញ្ជាក់កាលពីថ្ងៃច័ន្ទនេះថា “យើងពិតជាមានការព្រួយបារម្ភខ្លាំងទៅលើសមត្ថភាពរបស់ប្រទេសកូរ៉េខាងជើង ហើយយើងក៏បង្កើតសមត្ថភាពក្នុងការការពាររបស់យើងផងដែរ”៕