លោក Rachid Kassim អ្នកជ្រើសរើសសមាជិកក្រុម ISIS រងការប្រហារដោយយន្តហោះចម្បាំងរបស់សរហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី washingtonpost ចេញផ្សាយថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៧

លោក Rachid Kassim អ្នកជ្រើសរើសសមាជិកឲ្យក្រុមរដ្ឋអ៊ីស្លាមដែលគេស្គាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាតន្ត្រីករបរាជ័យក្នុងអាជីពម្នាក់ និងជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មនៅអឺរ៉ុបត្រូវបានបាញ់ប្រហារដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់នេះបើយោងតាមប្រភពពីមន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រនេះ។ លោក Maj. Adrian J.T. Rankine-Galloway អ្នកនាំពាក្យមន្ទីរបញ្ចកោណនិយាយថាការវាយប្រហារនេះកើតឡើងនៅជិតទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់កាលពី៣ថ្ងៃមុន។ លោក Rankin-Galloway បានឲ្យដឹងទៀតថាបច្ចុប្បន្នយើងកំពុងវាយតម្លៃពីលទ្ធផលនៃការវាយប្រហារនេះ។ យោងតាមប្រភពពីប៉ូលិសបារាំងតាមរយៈ Telegraph បានរាយការណ៍ឲ្យដឹងថាលោក Kassim ស្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃពុធនេះ។ គួរបញ្ជាក់ថាលោក Kassim មានអាយុ២៩ឆ្នាំជាជនជាតិបារាំងដើមកំណើតអាល់ហ្សេរីដែលបានចំណាយពេលភាគច្រើននៃកុមារភាពរបស់គាត់នៅក្នុងប្រទេសបារាំង ហើយព្យាយាមប្រើដៃរបស់គាត់លេងភ្លេង Rap មុននឹងគាត់ផ្លាស់ទីលំនៅទៅកាន់ប្រទេសស៊ីរីក្នុងឆ្នាំ២០១៥ ហើយចូលរួមជាមួយរដ្ឋអ៊ីស្លាម។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក Amarnath Amarasingam ក្នុងកម្មវិធីរបស់សាកលវិទ្យាល័យ George Washington ក្រោមប្រធានបទភាពជាអ្នកជ្រុលនិយម លោក Kassim និយាយថារូបគាត់ជ្រើសរើសយកអាជីពជាអ្នកតន្រ្តី Rap ឈ្មោះថា L’Oranais ដើម្បើរកប្រាក់សម្រាប់ចំណាយទៅលើការបង់ពន្ធឲ្យក្រុងឆ្នេសមុទ្រ Oran របស់អាល់ហ្សេរីជាទីកន្លែងដែលគាត់ចំណាយពេលមួយចំណែកនៃភាពជាយុវជនរបស់គាត់។ មានពេលមួយលោក Kassim ប្រកាសដោយខ្លួនឯងថាបានប្រើប្រាស់សារក្នុងកម្មវិធី Telegram ដើម្បើជម្រុញឲ្យមានការវាយប្រហារនៅអឺរ៉ុប។ មានគេរាយការណ៍ថាលោក Kassim ជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មលើប្តីប្រពន្ធជនជាតិបារាំងកាលពីខែមិថុនា និងឃាតកម្មលើអាចារ្យបារាំងកាលពីខែកក្កដាព្រមទាំងការប៉ុនប៉ងបំផ្ទុះរថយន្តមិនបានជោគជ័យនៅខាងក្រៅព្រះវិហារ Notre Dame ក្នុងទីក្រុងប៉ារីសកាលពីខែកញ្ញាកន្លងមក។ ក្នុងបទសម្ភាសន៍ជាមួយលោក Amarasingam លោក Kassim បាននិយាយថាគាត់នឹងបន្តជម្រុញឲ្យមានការវាយប្រហារនៅតាមបណ្តាប្រទេសមួយចំនួនដូចជាប្រទេសបារាំង និងសហ​រដ្ឋ​អាមេរិកដែលជាប្រទេសនៅតែបន្តធ្វើការវាយប្រហារមកលើក្រុមរដ្ឋអ៊ីស្លាម។ រូបគាត់បន្ថែមទៀតថា “គាត់កំពុងកំណត់គោលដៅវាយប្រហារទៅលើមន្ទីរពេទ្យរបស់ប្រទេសបារាំងគឺផ្ដោតសំខាន់ទៅលើជនស៊ីវិល ពួកគេនឹងទទួលរងការឈឺចាប់នៅក្រោមការដាក់គ្រាប់បែកជារៀងរាល់ថ្ងៃពីរបបដែលគ្រប់គ្រងដោយប្រទេសបារាំង និងអឺរ៉ុប។ អំពើហិង្សាមិនមែនចាប់ផ្ដើមពីពួយើងនោះទេ។ ប្រទេសបារាំង និងសហរដ្ឋអាមេរិកនោះទេដែលបានចាប់ផ្តើមការសម្លាប់នេះ។ នៅពេលណាមួយដែលពួកគេបញ្ឈប់ យើងនឹងបញ្ឈប់ដែរ”។ ៦ថ្ងៃបន្ទាប់ពីលោក Mohamed Lahouaiej-Bouhlel សម្លាប់មនុស្ស៨៦នាក់ដោយការបើរថយន្តដឹកទំនិញបំបុកចូលទៅក្នុងហ្វូងមនុស្សនៅក្នុងពិធីបុណ្យ Bastille Day នៅទីក្រុង Nice ប្រទេសបារាំង លោក Kassim បង្ហាញខ្លួននៅក្នុងវីដេអូមួយដែលបង្ហាញពីការគំរាមកំហែងដល់ប្រធានាធិបតីបារាំងលោក Francois Hollande និងគំរាមកាត់ក្បាលអ្នកទោស២នាក់ទៀត។ សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណបានឲ្យដឹងថាការវាយប្រហារបានសម្លាប់លោក Kassim ប្រហែលជាប៉ុន្មានម៉ោងបន្ទាប់ពីប៉ូលិសបារាំងប្រកាសថាពួកគេចាប់ខ្លួនមនុស្ស៤នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធថាមានផែនការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស។ ជនសង្ស័យទាំងនេះត្រូវបានគេនិយាយថាកំពុងតែដំណើរការផលិតគ្រឿងផ្ទុះដែលមានប្រភេទដូចគ្នាទៅនឹងគ្រឿងផ្ទុះដែលបានប្រើប្រាស់នៅព្រលានយន្តហោះព្រុយសែល និងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើងក្រោមដី​ដែលបានសម្លាប់មនុស្ស៣២នាក់កាលពីខែមីនាកន្លងមក។ គួរឲ្យកត់សម្គាល់ផងដែរថាមានមនុស្សចំនួន២០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទសបារាំងដោយការវាយប្រហារដែលបំផុសគំនិតដោយក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីដើមឆ្នាំ២០១៥មក។ ការវាយប្រហារដែលបានសម្លាប់មនុស្សច្រើនបំផុតគឺនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៥ នៅពេលដែលក្រុមខ្មាន់កាំភ្លើងបានបំផ្ទុះគ្រាប់បែកអត្តឃាត និងបើកការបាញ់ប្រហារនៅទីប្រជុំជនក្នុងទីក្រុងប៉ារីសដែលសម្លាប់មនុស្ស១៣០នាក់ និងរបួសប្រមាណជា៣០០នាក់៕