ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៧
ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា បុរសជនជាតិកូរ៉េខាងជើងម្នាក់ត្រូវបានមន្ត្រីព្រលានយន្តហោះនាំចេញទាំងអាការៈឈឺចាប់ចេញពីព្រលានយន្តហោះអន្តរជាតិ Kuala Lumpur ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបុរសម្នាក់នោះត្រូវបានបាត់បង់ជីវិតនៅតាមផ្លូវបាត់ទៅហើយ និងត្រូវបានគេស្គាល់ថាជាបងប្រុសម្តាយផ្សេងគ្នារបស់ប្រធានាធិបតីកូរ៉េខាងជើងគីម ជុងអ៊ុន។ ប្រធាននាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ (CID) លោក Mohmad Salleh បានប្រាប់សារព័ត៌មាន Channel NewsAsia នៅថ្ងៃអង្គារិ៍នេះថា អត្តសញ្ញាណរបស់ជនរងគ្រោះគឺលោក គីម ជុងណាំ នេះបើយោងតាមឯកសារដែលរកឃើញនៅលើខ្លួនរបស់គាត់។ ពេលនេះសាកសពរបស់លោកត្រូវបានរក្សាទុកនៅក្នុងមន្ទីរពេទ្យមួយឈ្មោះថា Putrajaya ។
យោងតាមសារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានចេញផ្សាយមុននេះបន្តិចឱ្យដឹងថា បងប្រុសម្តាយផ្សេងគ្នារបស់ប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាតដោយថ្នាំពុលនៅម៉ាឡេស៊ី។ លោក គីម ជុងណាំគឺជាកូនប្រុសច្បងរបស់អតីតលោកប្រធានាធិបតី គីម ជុងអ៊ីល ត្រូវបានគេធ្វើឃាតដោយថ្នាំពុលនៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur ដែលសង្ស័យជាស្នាដៃរបស់ស្រ្តី ២ នាក់ដែលជាភ្នាក់ងាររបស់ប្រទេសកូរ៉េខាងជើង។ របាយការណ៍នេះបន្ថែមថា ក្រោយមកស្ត្រីទាំង ២ នាក់នេះបានជិះរថយន្តគេចខ្លួនមួយរំពេចផងដែរក្រោយពេលកើតហេតុ ហើយមកទល់ពេលនេះ ជនសង្ស័យនៅមិនទាន់បានចាប់ខ្លួននៅឡើយទេ។