ជនជាតិអ៊ឺរ៉ុបដែលចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមបានធ្វើឲ្យឪពុកម្តាយមានការព្រួយបារម្មណ៍

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧

អ្នកស្រី Veronique Loute សង្ឃឹមថាកូនប្រុសរបស់អ្នកស្រីមិនស្ថិននៅក្នុងតំបន់ប្រយុទ្ធកាលពីឆ្នាំមុន បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមកើនឡើងកំដៅនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ កូនប្រុសរបស់អ្នកស្រីមានឈ្មោះថា Sammy Djedou អាយុ២៧ឆ្នាំ ស្ថិតនៅក្នុងចំណោមក្រុមបែលហ្ស៊ិកដំបូងគេដែលចូលរួមជាមួយក្រុមសកម្មប្រយុទ្ធខណៈដែលក្រុមនេះកំពុងមានឥទ្ធិពលនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ក្នុងរយៈពេលប្រមាណជា៣ឆ្នាំកន្លងមកនេះ។ អ្នកស្រីមិនបានជួបឬឮដំណឹងពីកូនរបស់លោកស្រីចាប់តាំងពីខែសីហាឆ្នាំ២០១៥មកម្លេះ។ លោកស្រីនិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថាកូនរបស់លោកស្រីមិនដែលប្រាប់គាត់ពីទីកន្លែងដែលកូនគាត់រស់នៅចាប់តាំងពីពេលដែលកូនគាត់បង្កើតក្រុមគ្រួសារមួយដែលមានកូនចំនួន២នាក់។ លោកស្រីបន្តទៀតថាលោកស្រីគ្រាន់តែសង្ឃឹមថាកូនរបស់លោកស្រីនៅតែមានសុវត្ថភាព ហើយសង្ឃឹមថាកូនលោកស្រីមិនបានចូលរួមក្នុងការធ្វើសង្រ្គាមដ៏រន្ធត់នេះទេ។ ដោយសារតែយន្តហោះចម្បាំងរបស់ក្រុមកងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកវាយប្រហារភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ឪពុកម្តាយជនជាតិបែលហ្ស៊ិក និងបារាំងផ្សេងៗទៀតជាច្រើនដែលមានកូនចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS ឬ ISIL ក៏មានការឈឺចាប់ដូចលោកស្រី Loute ដែរ។ ពួកគាត់សួរថាហេតុអ្វីបានជាកូនរបស់ពួកគាត់ចូលរួមជាមួយក្រុមដែលប្រពឹ្រត្តអំពើឃោរឃៅបែបនេះ ហើយពួកគេមានក្តីបារម្ភណ៍ថាកងកម្លាំងចម្រុះនឹងសម្លាប់កូនៗរបស់ពួកគាត់។ យោងតាមការសិក្សាដែលចេញផ្សាយកាលពីឆ្នាំមុនដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការប្រឆាំងភេរវកម្មក្រុងឡាអេបាននិយាយថាក្រុមអ្នកប្រយុទ្ធបរទេសចាប់ផ្ដើមចាកចេញពីផ្ទះរបស់ពួកគេដើម្បីទៅចូលរួមក្នុងការបះបោរនៅស៊ីរីប្រឆាំងនឹងរបបរបស់ប្រធានាធិបតីបាសាអាសាត កាលពីរដូវក្តៅឆ្នាំ២០១២កន្លងទៅនេះ។ ចាប់តាំងពីពេលនោះមកចំនួននៃយុទ្ធជនដែលធ្វើដំណើរទៅកាន់សមរភូមិប្រយុទ្ធក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់បានកើនឡើងគួរឲ្យកត់សម្គាល់។ អ្នកប្រយុទ្ធបរទេសដែលចាកចេញពីអឺរ៉ុបមានចំនួនប្រមាណជា៤,០០០នាក់ដែលចំនួន២ភាគ៣នៃចំនួនសរុបខាងលើមានដើមកំណើតចេញពីប្រទេសប៊ែលហ្សិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ អ្នកចូលរួមជាមួយក្រុមសកម្មប្រយុទ្ធមួយចំនួនមិនបានវិលត្រឡប់មកវិញទេ។ មន្ត្រីសន្តិសុខប៊ែលហ្សិកបានហៅដំណឹងកាលពីខែធ្នូនេះថាជាដំណឹងមួយគួរឱ្យភ័យខ្លាចសម្រាប់អ្នកស្រី Loute ដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់មនុស្សឈ្មោះ Djedou ដែលជាកូនប្រុសរបស់លោកស្រី និងពួកសកម្មប្រយុទ្ធ២នាក់ផ្សេងទៀតខណៈដែលពួកគេបើករថយន្តមួយនៅក្នុងទីក្រុង Raqqa ដែលជារដ្ឋធានីរបស់ក្រុមរដ្ឋអ៊ីស្លាមមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។ មន្ទីរបញ្ចកោណនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ពីការស្លាប់របស់ Djedou កាលពីខែធ្នូនេះថា Djedou បានប្តូរឈ្មោះទៅជា Musab al-Belgiqi ដែលជាមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមដែលបានជួយរៀបចំគម្រោងការវាយប្រហារភេរវកម្មនៅខែវិច្ឆិកាកាលពីឆ្នាំ២០១៥ ក្នុងទីក្រុងប៉ារីស និងការវាយប្រហារកាលពីខែមីនានៅទីក្រុងប្រ៊ុយសែល៕