មនុស្សស្លាប់១១នាក់ដោយសារអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតតាលីបង់

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ជិះម៉ូតូសំដៅចូលទៅក្រុមប៉ូលីសដែលឈរអមការពារក្រុមអ្នកប្រមូលផ្តុំតវ៉ាមួយនៅភាគខាងកើតប្រទេសប៉ាគីស្ថានក្នុងទីក្រុង Lahore កាលពីថ្ងៃចន្ទបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១១នាក់ និងរងរបួសប្រមាណជា៦០នាក់ក្នុងការវាយប្រហារដែលអះអាងដោយក្រុមតូចរបស់ក្រុមតាលីបង់។ ការផ្ទុះនេះធ្វើឲ្យហែកច្រៀកហ្វូងឱសថការីរាប់រយនាក់ដែលមកតវ៉ាប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ថ្មីដើម្បីគ្រប់គ្រងការលក់ថ្នាំរបស់ពួកគេ។ ប៉ូលិសនិយាយថាមន្រ្តីប៉ូលិសជាន់ខ្ពស់២នាក់រួមទាំងអតីតប្រធានប្រឆាំងភេរវកម្មខេត្តក៏ស្ថិតក្នុងចំណោមអ្នកដែលស្លាប់បាត់បង់ជីវិតទាំង១១នាក់នោះដែរ។ លោក Sameer Ahmad ស្នងការរងក្រុង Lahore និយាយថាយ៉ាងហោចណាស់មនុស្ស១១នាក់ស្លាប់ និង៥៨នាក់រងរបួសដោយក្នុងចំណោមអ្នករងរបួសទាំង៥៨នាក់មានចំនួន៤នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទូរទស្សន៍ដែលកំពុងផ្សាយបន្តផ្ទាល់បង្ហាញភ្លើងឆេះខ្មួលខ្មាញ់ឡើង និងសំឡេងផ្ទុះខ្លាំង និងមានមនុស្សបានរត់ចេញទៅឆ្ងាយ ហើយមានអ្នកខ្លះសែងអ្នករងរបួស។ ហេតុការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ មានក្រុមមួយដែលគេហៅថា Jamaat-ul-Ahrar បានអះអាងចំពោះការបំផ្ទុះនេះដោយពួកគេបង្ហាញក្នុងសារមួយដែលបាននិយាយថាវាជាការសងសឹកនឹងយោធាប៉ាគីស្ថានដែលប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់កុលសម្ព័ន្ធនៅតាមបណ្តោយព្រំដែនអាហ្គានីស្ថាន។ ក្រុមនេះក៏បានអះអាងថាចំនួននៃការវាយប្រហារដ៏ធំមួយកាលពីឆ្នាំមុនគឺជាស្នាដៃរបស់ក្រុមបក្សពួកដែលបំបែកខ្លួនពីពួកតាលីបង់ប៉ាគីស្ថានដែលបានកំណត់គោលដៅវាយប្រហារដដែលៗទៅលើកងកម្លាំងសន្តិសុខ និងអ្នកដែលកាន់សាសនាដែលមានចំនួនភាគតិច។ គួរបញ្ជាក់ថានៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសប៉ាគីស្ថានបើកការវាយលុកជាច្រើនប្រឆាំងនឹងពួកតាលីបង់ និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដទៃទៀតក្នុងតំបន់កុលសម្ព័ន្ធ៕