ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៧
ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ និងបុរសអាយុ២៥ឆ្នាំម្នាក់ស្លាប់ និងស្ត្រីមានផ្ទៃពោះម្នាក់រងរបួសកាលពីថ្ងៃអង្គារនេះដោយសារការបាញ់ប្រហារ។ អាជ្ញាធរបានដាក់ការសង្ស័យលើការបាញ់ប្រហារនេះជាប់ទាក់ទងនឹងក្រុមក្មេងទំនើង នេះបើយោងតាមប៉ូលិសទីក្រុងឈីកាហ្គោ។ ហេតុការបាញ់ប្រហារនេះកើតឡើងប្រហែលនៅម៉ោង១:៣០រសៀលម៉ោងក្នុងស្រុកខណៈដែលជនរងគ្រោះកំពុងអង្គុយនៅក្នុងរថយន្ត ហើយនៅមិនទាន់មានចាប់ខ្លួននរណាម្នាក់នៅឡើយទេ។ បុរសពេញវ័យម្នាក់ដែលជាជនរងគ្រោះដែលគេស្គាល់ថាជាសមាជិករបស់ក្រុមក្មេងទំនើង។ ស្ត្រីរងរបួសត្រង់ពោះបានប្រាប់ប៉ូលិសឲ្យដឹងថារូបនាងត្រូវជាម្តាយមីងរបស់ក្មេងប្រុស និងត្រូវជាមិត្តស្រីរបស់បុរសជាជនរងគ្រោះ។ ស្នងការប៉ូលិសក្រុងឈីកាហ្គោលោក Eddie Johnson និយាថាក្រុមអ្នកស៊ើបអង្កេតមានវីដេអូឧប្បត្តិហេតុនេះ និងសន្យាចាប់ខ្មាន់កាំភ្លើងឲ្យបាន។ អ្នកស៊ើបអង្កេតជឿថាជនរងគ្រោះស្ថិតនៅក្នុងរឿងមួយដែលមានជម្លោះជាមួយខ្មាន់កាំភ្លើង ប៉ុន្តែជនរងគ្រោះបានបដិសេធមិនធ្វើការពន្យល់ នេះបើយោងតាមលោក Anthony Guglielmi អ្នកនាំពាក្យប៉ូលិស។ សោកនាដកម្មដែលកើតឡើងដោយសារអំហិង្សានៅក្នុងទីក្រុងធំបំផុតទីបីរបស់ប្រទេសនេះធ្វើឲ្យមានការរិះគន់ពីលោកប្រធានាធិបតី Trump។ ចំនួនបទល្មើសឃាតកម្មក្នុងទីក្រុងនេះកើតឡើងប្រមាណជា៧៦០លើក ហើយដែលជនរងគ្រោះទទួលរងពីការបាញ់ប្រហារមានរហូតទៅដល់៤,៣០០នាក់កាលពីឆ្នាំមុន។ ឆ្នាំថ្មីនេះចាប់ផ្តើមកើតមានបទល្មើសឃាតកម្មជិតស្មើនឹងពាក់កណ្តាលកាលពីឆ្នាំមុនដែលមានបទល្មើសឃាតកម្ម៦០លើក និងមានជនរងគ្រោះទទួលរងពីការបាញ់ប្រហារមានរហូតដល់ទៅ៣០០នាក់។ លោក Trump លើឡើងម្តងហើយម្តងទៀតកាលពីសប្តាហ៍ដំបូងនៃថ្ងៃឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោកថា រូបលោកអាចបញ្ជាកងកម្លាំងអន្តរាគមន៍របស់សហព័ន្ធឲ្យជួយទប់ស្កាត់អំពើហិង្សានេះ ប្រសិនបើមន្ត្រីក្រុងមិនអាចបញ្ឈប់ការបង្ហូរឈាមនេះបាន៕