មនុស្ស២នាក់ស្លាប់ក្នុងការផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

មន្រ្តីប៉ូលិសបញ្ជាក់ថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារទៅលើរថយន្តដឹកចៅក្រមនៅក្នុងតំបន់ Pakistani ទីក្រុង Peshawar កាលពីថ្ងៃពុធនេះដែលបានសម្លាប់អ្នកបើកបរម្នាក់ និងអ្នកដើរកាត់តាមផ្លូវម្នាក់។ ការវាយប្រហារលើកនេះជាលើកទី២នៃការប្រើប្រាស់អំពើហិង្សារបស់ពួកសកម្មប្រយុទ្ធ។ កងកម្លាំងសន្តិសុខបានរឹតបន្តឹងនៅក្នុងប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំមកនេះ ប៉ុន្តែនៅតែមានការវាយប្រហារជាច្រើនក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះដែលជាការគំរាមគំហែងរបស់ពួកសកម្មប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល។ លោក Sajjad Khan អគ្គនាយកជាន់ខ្ពស់ប៉ូលិសក្រុង Peshawar បានប្រាប់អ្នកសារព័ត៌មានថា “អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលជិះម៉ូតូបានរត់ទៅក្នុងរថយន្តមួយខណៈដែលចៅក្រមកំពុងតែធ្វើដំណើរមកកាន់រថយន្តនេះ។ ចៅក្រមស្រ្តី៣នាក់ និងចៅក្រមប្រុសម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះខណៈដែលអ្នកបើកបររថយន្ត និងអ្នកធ្វើដំណើរកាត់នោះស្លាប់បាត់បង់ជីវិត”។ ការវាយប្រហារមួយផ្សេងទៀតដែលកើតឡើងនៅថ្ងៃពុធនេះ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកនៅខាងក្រៅការិយាល័យរដ្ឋាភិបាលនៅភាគពាយ័ព្យទីក្រុង Mohmand សម្លាប់មនុស្ស៥នាក់។ នៅមិនទាន់មានការអះអាងទទួលខុសត្រូវណាមួយនោះទេក្នុងការវាយប្រហារនៅក្នុងទីក្រុង Peshawar ប៉ុន្តែការវាយប្រហារនៅ Mohmand ក្រុម Jamaat-ur-Ahrar ទទួលខុសត្រូវ។ គួរបញ្ជាក់ផងដែរថាក្រុមដដែលនេះក៏អះអាងថានៅពីក្រោយការវាយប្រហារនៅទីក្រុង Lahore កាលពីថ្ងៃច័ន្ទដែលសម្លាប់មនុស្ស១៣នាក់ដែលក្នុងនោះមានប៉ូលិស៥នាក់ផងដែរ៕