UNICEF និយាយថាកុមារអ៊ុយក្រែន១លាននាក់ត្រូវការជំនួយក្នុងពេលប្រយុទ្ធគ្នា

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧

មូលនិធិអង្គការសហប្រជាជាតិរបស់កុមារអន្តរជាតិ (UNICEF) និយាយកាលពីថ្ងៃសុក្រនេះថាតាមការប៉ាន់ប្រមាណមានកុមារប្រមាណជា១លាននាក់ត្រូវការជំនួយមនុស្សធម៍ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើងនៅភាគខាងកើតប្រទសអ៊ុយក្រែនរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ី។ ចំនួននេះជិតស្មើនឹង២ដងដែលកុមារត្រូវការក្នុងរយៈពេល១ឆ្នាំកន្លងទៅ នេះបើយោងតាមរបាយការណ៍របស់អង្គការ UNICEF។ សាលារៀនចំនួនមួយភាគប្រាំក្នុងចំនោមសាលាប្រមាណជា៧៤០នៅភាគខាងកើតប្រទេសអ៊ុយក្រែនរងការខូចខាតឬបំផ្លាញក្នុងជម្លោះនេះ។ ការប្រយុទ្ធគ្នាកាលពីដើមខែថ្មីៗនៅភាគខាងកើតនៃប្រទេសនេះបានបណ្តាលឲ្យមនុស្ស៣៣នាក់រួមទាំងជនស៊ីវិលបាត់បង់ជីវិត​ និងជាច្រើននាក់ទៀតរងរបួស។ ប្រភពពីសារព័ត៌មាន AP ដែលយោងតាមការរាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថាចំនួនអ្នកស្លាប់ក្នុងការប្រយុទ្ធគ្នាដែលបានចាប់ផ្ដើមតាំងពីខែមេសាឆ្នាំ២០១៤ រហូតដល់ឥឡូវនេះបានកើនឡើងរហូតដល់ទៅប្រមាណជា៩,៨០០នាក់។ លោក Giovanna Barberis តំណាងអង្គការ UNICEF ប្រចាំប្រទេសអ៊ុយក្រែននិយាយថា “វិបត្តិដ៏ច្រើនបំផុតរបស់ពិភពលោកត្រូវបំភ្លេចចោល ការសង្គ្រោះបន្ទាន់មើលមិនឃើញ”។ កុមារនៅភាគខាងកើតអ៊ុយក្រែនត្រូវរស់នៅក្រោមការគំរាមកំហែងនៃការប្រយុទ្ធគ្នា និងការបាញ់ផ្លោងអស់រយៈពេល៣ឆ្នាំមកហើយ។ សាលារៀនរបស់ពួកគេត្រូវបំផ្លាញដែលពួកគេត្រូវបង្ខំចេញពីផ្ទះរបស់ពួកគេ។ គួរបញ្ចាក់ផងដែរថាអង្គការ UNICEF ស្នើសុំលុយជំនួយពីសហរដ្ឋអាមេរិកចំនួនប្រមាណជា៣១,៣លានដុល្លារសម្រាប់ការងារសុខភាព អាហារូបត្ថម្ភ ការអប់រំ ទឹកស្អាត និងអនាម័យ។ ប៉ុន្តែជាក់ស្តែងអង្គការនេះទទួលបានទឹកប្រាក់ឧបត្ថម្ភតែប្រមាណជា១០ភាគរយនៃចំនួនទឹកប្រាក់សរុបនៃការស្នើសុំតែប៉ុណ្ណោះ៕