ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៧
ប្រធានាធិបតីថ្មីរបស់សូម៉ាលីបានចុះសួរសុខទុក្ខជនរងគ្រោះក្នុងហេតុការរថយន្តបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនេះដែលសម្លាប់មនុស្ស៣៤នាក់។ លោកប្រធានាធិបតី Mohamed Abdulahi Mohamed ផ្តល់រង្វាន់១០០,០០០ដុល្លារសម្រាប់ការផ្តល់ពត៌មានដែលឈានដល់ការចាប់ខ្លួនក្រុមអ្នកដែលបានរៀបគម្រោងការបំផ្ទុះគ្រាប់បែកនេះ។ ប៉ូលិសវរនាវីឯកលោក Mohamed Hussein និយាយថាការផ្ទុះនេះបានវាយប្រហារក្នុងផ្សារដ៏មមាញឹកមួយនៅភាគខាងលិចនៃរដ្ឋធានី Mogadishu។ ការវាយប្រហារយ៉ាងរន្ធត់ និងព្រៃផ្សៃត្រឹមតែមានគោលបំណងសំដៅសម្លាប់ជនស៊ីវិលតែប៉ុណ្ណោះ។ លោក Sabriye Abdullahi ជាអ្នកបើករថយន្តសង្គ្រោះបន្ទាន់បានប្រាប់សារព័ត៌មាន AP ថាអ្នករងរបួសមួយចំនួនបានស្លាប់នៅតាមផ្លូវឆ្ពោះទៅកាន់មន្ទីរពេទ្យ។ លោកបន្តថាទៀតថាភាគច្រើននៃពួកគេទទួលរងការរលាកកម្រិតទី៣ និងអ្នកផ្សេងទៀតឆេះរោលរាលរហូតលែងស្គាល់។ លោកស្នងការស្រុក Ahmed Abdul បានឱ្យដឹងថាហេតុការផ្ទុះនេះបានបង្ករឡើងពីរថយន្តដែលចតនៅក្បែរភោជនីយដ្ឋានមួយ ហើយបានផ្ទុះឡើងនៅពេលដែលអ្នកដើរផ្សារទិញឥវ៉ាន់ និងពាណិជ្ជករប្រមូលផ្តុំនៅក្នុងផ្សារ។ លោក Mohamed Haji ឈ្មួញលក់សាច់រងរបួសដោយអំបែងគ្រាប់បែកបានឲ្យដឹងថាហាងលក់សម្លៀកបំពាក់រងការបំផ្លិចបំផ្លាញដោយការផ្ទុះនេះ។ លោកបានឲ្យដឹងទៀតថាមានមនុស្សម្នាក់ចតរថយន្តនៅទីនេះ បន្ទាប់មកចាកចេញពីទីនោះមុនពេលហេតុការណ៍ផ្ទុះកើតឡើង។ បំណែកបន្ទះដែក និងឈើស្ថិតនៅរាយបាយលើដី។ គួរបញ្ជាក់ថាការផ្ទុះដ៏ខ្លាំងក្លានេះជាការវាយប្រហារដ៏ធំលើកដំបូងចាប់តាំងពីប្រធានាធិបតីសូម៉ាលីថ្មីជាប់ឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈនេះ។ ចំពោះហេតុការនេះមិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែគេអាចសម្គាល់បានថាជាក្រុមពួកឧទ្ទាមបះបោរអ៊ីស្លាមសូម៉ាលីរបស់ al-Shabab។ ក្រៅការចុះសួរសុខទុក្ខអ្នករងរបួសនៅក្នុងមន្ទីរពេទ្យ លោកប្រធានាធិបតីក៏បានថ្កោលទោសចំពោះហេតុការផ្ទុះនេះថាជាភាពសាហាវឃោរឃៅរបស់ក្រុម al-Shabab៕