ម៉ាឡេស៊ីកំពុងស្វែងរកជនសង្ស័យជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុងណាម

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប៉ូលិសម៉ាឡេស៊ីបញ្ជាក់នៅថ្ងៃអាទិត្យថាពួកគេកំពុងស្វែងរកជនសង្ស័យជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតដែលប៉ូលិសជឿជាក់ថាពួកគេធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងរួចទៅហើយ។ ជនសង្ស័យទាំង៤នាក់នេះត្រូវប៉ូលិសសង្ស័យថាជាប់ពាក់ព័ន្ធនឹងការសម្លាប់លោកគីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ មន្ត្រីប៉ូលិសបន្ថែមទៀតថា “ជនសង្ស័យទាំង៤នាក់បានវិលត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងវិញហើយនៅថ្ងៃទី ១៧ ខែកុម្ភៈ។ ពួកគេបានធ្វើដំណើរតាមជើងហោះហើរ KL-Jakarta-Dubai-Vladivostok-Pyongyang”។ ជនសង្ស័យទាំង៤នាក់នេះមានអាយុ ៣៣ឆ្នាំដល់ ៥៧ឆ្នាំ។ លោក Tan Sri Rashid Ibrahim ប្រធានប៉ូលិសនិយាយនៅក្នុងសន្នីសីទថា “ខ្ញុំអាចបញ្ជាក់នៅថ្ងៃនេះបានថាជនសង្ស័យជាជនជាតិកូរ៉េខាងជើងទាំង៤នាក់នេះបានចាកចេញពីប្រទេសនេះនៅក្នុងថ្ងៃឃាតកម្មកើតឡើង។ ជនសង្ស័យនេះកាន់លិខិតឆ្លងដែនធម្មតា។ ផែនការបន្ទាប់របស់យើងគឺចាប់ខ្លួនពួកគេ។ យើងត្រូវតែធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិពិសេសជាមួយនឹងប៉ូលិស Interpol ដែលជាមធ្យោបាយមួយក្នុងការចាប់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធនេះ”។ គួរបញ្ជាក់ផងដែរថាប៉ូលិសជឿជាក់ថាស្រ្តី២នាក់បានវាយប្រហារទៅលើលោកគីម ជុងណាម នៅវេលាម៉ោងប្រមាណជា៩ព្រឹកថ្ងៃច័ន្ទនៅត្រង់ច្រកចេញ (Departure Hall) ព្រលានយន្តហោះអន្តរជាតិ Kuala Lumpur៕