ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧
យោងតាមការបញ្ជាក់របស់លោក Hwang Kyo-ahn នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងនិយាយនៅថ្ងៃច័ន្ទនេះថាការធ្វើឃាតបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុននេះបានបង្ហាញពីភាពឃោរឃៅរបស់ប្រទេសកូរ៉េខាងជើង និងយុទ្ធសាស្រ្តនៃការពង្រីកភេរវកម្មកាន់តែធំជាងមុន។ មន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជឿជាក់ថា លោកគីម ជុងណាម ត្រូវបានសម្លាប់ដោយភ្នាក់ងារពិសេសមកពីកូរ៉េខាងជើង។ កាលពីថ្ងៃអាទិត្យ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថាពួកគេចាប់ខ្លួនជនជាតិកូរ៉េខាងជើងម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់លោក គីម ជុងណាម ហើយជនសង្ស័យជាជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតបានចាកចេញពីព្រលានយន្តហោះអន្តរជាតិ Kuala Lumpur ប្រទេសម៉ាឡេស៊ីនៅថ្ងៃឃាតកម្មផងដែរ។ ក្រៅពីការចាប់ខ្លួនបុរសជនជាតិកូរ៉េខាងជើងម្នាក់ កាលពីថ្ងៃច័ន្ទសប្តាហ៍មុនប៉ូលិសក៏ចាប់បានស្រ្តីជនជាតិវៀតណាមម្នាក់ និងស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលជាប់សង្ស័យថាពាក់ព័ន្ធក្នុងឃាតកម្មនេះ។ គួបញ្ជាក់ផងដែរថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងលោក Hwang និយាយថាកូរ៉េខាងជើងពិតជាស្ថិតនៅពីក្រោយការសម្លាប់លោក គីម ជុងណាម៕