អ៊ីរ៉ាក់ចាប់ផ្តើមបើកប្រតិបត្តិការវាយយកតំបន់ភាគខាងលិចទីក្រុង Mosul ពីការកាន់កាប់របស់ក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៧

កាលពីថ្ងៃអាទិត្យនេះកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមវាយលុកដែលជាប្រតិបត្តិការប្រឈមនឹងការបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធំដើម្បីបណ្តេញក្រុមរដ្ឋអ៊ីស្លាមចាកចេញពីជំរំដ៏រឹងមាំចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសនេះ។ លោកនាយករដ្ឋមន្រ្តី Haider al-Abadi ប្រកាសក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថាការកាន់កាប់តំបន់ភាគខាង​លិចនៃទីក្រុង Mosul ដែលជាទីក្រុងធំទី២របស់ប្រទេសអ៊ីរ៉ាក់ឡើងវិញ “កម្លាំងរបស់ពួយើងកំពុងចាប់ផ្តើមវាយរំដោះប្រជាពលរដ្ឋពីពួកភេរវកម្មរដ្ឋអ៊ីស្លាម។ ជនស៊ីវិលប្រមាណជា៧៥០,០០០នាក់ដែលពាក់កណ្តាលនៃចំនួននេះជាកុមារដែលជាប់នៅក្នុងភាគខាងលិចទីក្រុង Mosul ដោយអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមជាច្រើនពាន់នាក់​។ តាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិជនស៊ីវិលប្រមាណជា២៥០,០០០ ទៅ ៤០០,០០០នាក់អាចនឹងភៀសខ្លួនដែលធ្វើឲ្យមានតម្រូវការជំរំសម្រាប់ជនភៀសខ្លួនជាចាំបាច់ដែលបច្ចុប្បន្នកំពុងសាងសង់។ លោក Stephen Townsend ឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក និងជាមេបញ្ជាការកងកម្លាំងចម្រុះក្នុងប្រទេសអ៊ីរ៉ាក់និយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យនេះថាទីក្រុង Mosul នឹងក្លាយជាសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញសម្រាប់កងទ័ពណាមួយនៅក្នុងពិភពលោក ហើយកងកម្លាំងអ៊ីរ៉ាក់ងើបឡើងប្រឆាំងទៅនឹងបញ្ហាប្រឈមនេះ។ ការប្រយុទ្ធដើម្បីរំដោះយកទីក្រុង Mosul ទាំងស្រុងនោះមិនអាចទទួលបានជោគជ័យឆាប់ៗនោះទេ។ លោកឧត្តមសេនីយ៍ Sami al Arridy កងកម្លាំងប្រតិបត្តិការពិសេសអ៊ីរ៉ាក់និយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃសុក្រនេះថាយើងមានបញ្ហាជាមួយទីតាំងដោយសារថា Mosul ជាទីក្រុងចាស់ ដូច្នេះវាមានផ្ទះ និងផ្លូវតូចចង្អៀតដែលយើងមិនអាចផ្លាស់ទីបានដោយសេរីនោះទេ ហើយវាមានភ្នំ និងស្ពានជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ថាកាលពីខែមុនអ៊ីរ៉ាក់បានប្រកាសថាប្រទេសរបស់ខ្លួនរំដោះបានភាគខាងកើតទីក្រុង Mosul ពីរដ្ឋអ៊ីស្លាម។ ប៉ុន្តែសម្រាប់ការប្រយុទ្ធគ្នានៅភាគខាងលិចនៃទីក្រុងនេះនឹងក្លាយសមរភូមស្វិតស្វាញជាងមុនដោយ​សារ​តែតាមដងផ្លូវមានសភាពតូចចង្អៀត និងតំបន់នេះសំបូរដោយប្រជាជនស៊ីវិលដែលធ្វើឲ្យការប្រើប្រាស់យន្តហោះចម្បាំង និងគ្រឿងសឹកផ្សេងៗមានដែនកំណត់៕