កងកម្លាំងអ៊ីរ៉ាក់ត្រៀមប្រឆាំងក្រុមឧទ្ទាមនៅក្រៅក្រុង

0

ប្រភព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧

កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានរំកិលចូលកាន់តែជិតទៅភាគខាងលិចទីក្រុង Mosul ដើម្បីប្រឆាំងជាមួយក្រុមឧទ្ទាម។ ភូមិ Abu Saif រងការវាយប្រហារតាមអាកាស និងគ្រាប់កាំភ្លើងដែលបាញ់ចេញពីឧទ្ធម្ភាគចក្ររបស់កងកម្លាំងយោធា។ ខណៈនេះកងកម្លាំងអ៊ីរ៉ាក់បានចូលដល់ភូមិ Abu Saif។ ផ្នែកខ្លះនៃក្រុង Mosul ត្រូវរំដោះពីក្រុមឧទ្ទាម IS កាលពីខែមុនបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ ភូមិ Abu Saif គឺជាភូមិដែលមានទីតាំងនៅជិតព្រលានយន្តហោះក្រុង Mosul និងជាទីតាំងដ៏សំខាន់មួយរបស់ក្រុមឧទ្ទាមភាគខាងត្បូងក្រុង Mosul ដែលជាបន្ទាយសំខាន់របស់ក្រុមឧទ្ទាមក្នុងការបន្តដំណើរទៅភាគខាងលិចនៃទីក្រុង។ ក្រោយពីមានការវាយប្រហារផ្លូវអាកាស សាកសពរបស់សកម្មប្រយុទ្ធអ៊ីស្លាមស្ថិតនៅពាសពេញផ្លូវចូលទៅក្នុងភូមិ។ គេពុំឃើញមានជនស៊ីវិលបង្ហាញខ្លួននោះទេរហូតទាល់តែកងកម្លាំងចូលដល់ក្នុងភូមិទើបគេឃើញមានជនស៊ីវិលមួយក្រុមតូចលើកទង់សគ្រវីឡើង។ កងកម្លាំងផ្សេងទៀតរបស់រដ្ឋភិបាលបន្តដំណើរឆ្ពោះទៅកាន់មូលដ្ឋានកងកម្លាំងយោធានៅតំបន់ Ghazlani ដោយពួកគេមានគម្រោងវាយដណ្តើមយកភាគខាងលិចនៃក្រុង Mosul បន្តទៀត៕