មនុស្ស៥នាក់រងរបួសក្នុងការបាញ់ប្រហារទៅលើហាងកាហ្វេមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧

ទីភ្នាក់ងារសារព័ត៌មាន DHA រាយការណ៍ថាមនុស្ស២នាក់នៅលើម៉ូតូបានបើកការបាញ់ប្រហារទៅលើហាងកាហ្វេមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុលបណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ ការវាយប្រហារនេះកើតឡើងក្នុងស្រុក Fatih ភាគពាយព្យទីក្រុងអ៊ីស្តង់ប៊ុលដែលជាកន្លែងការិយាល័យរបស់អភិបាលក្រុង ការិយាល័យអាជ្ញាធរ រួមទាំងការិយាល័យរបស់រដ្ឋាភិបាល ការិយាល័យកណ្តាប៉ូលិស និងជាតំបន់ដែលមន្រ្តីរាជការក្រុងស្នាក់នៅ។ អង្គភាពអនុវត្តច្បាប់ និងជំនួយការវេជ្ជបណ្ឌិតត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ហើយអ្នកដែលរងរបួសត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់នោះ។ ទីភ្នាក់ងារសារព័ត៌មាន DHA រាយការណ៍ថាប៉ូលិសបានបើកការស៊ើបអង្កេតក្នុងការវាយប្រហារនេះ ប៉ុន្តែពុំមានព័ត៌មានណាដែលបញ្ចាក់ថាការវាយប្រហារនេះជាអំពើរភេរវកម្មទេ។ ប៉ូលិសនៅកន្លែងកើតហេតុជឿថាឧប្បត្តិហេតុនេះអាចបង្កឡើងដោយការប៉ះទង្គិចគ្នារវាងគូប្រជែង២ក្រុម៕