ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧
នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានធ្វើការបដិសេធទៅនឹងព័ត៌មានដែលចុះផ្សាយថាបានបង្កើនកម្លាំងទ័ពនៅតាមព្រំដែនប្រទេសកូរ៉េខាងជើងបន្ទាប់ពីឃាតកម្មសម្លាប់លោក គីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីំម ជុងអ៊ុន។ តាមរបាយការណ៍បង្ហាញពីភាពតានតឹងនៅឧបទ្វីបកូរ៉េដែលបណ្តាលឲ្យចិនបញ្ជូនកងទ័ពទៅកាន់ព្រំដែន ប៉ុន្តែចិនតែងតែបដិសេធជានិច្ច។ មន្រ្តីសហរដ្ឋអាមេរិច និងកូរ៉េខាងត្បូងនិយាយថាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងណាម ត្រូវភ្នាក់ងាររបស់កូរ៉េខាងជើងធ្វើឃាត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះប្រទេសកូរ៉េខាងជើងមិនទាន់ទទួលស្គាល់អ្នកដែលស្លាប់នេះថាជាលោក គីម ជុងណាម នោះទេ។ កាលពីសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅទីក្រុងហុងកុងរាយការណ៍ថាប្រទេសចិនបានបញ្ជូនកងទ័ពជាច្រើនទៅកាន់ព្រំដែនបន្ទាប់ពីលោក គីម ជុងណាម ត្រូវគេធ្វើឃាតនៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ គួរបញ្ជាក់ផងដែរថាប្រទេសចិនគឺជាសម្ព័ន្ធមិត្តមួយដ៏សំខាន់ជាមួយនឹងប្រទេសកូរ៉េខាងជើង ប៉ុន្តែប្រទេសចិនហាក់ដូចជាខឹងសម្បារទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរ និងម៉ីស៊ីលរបស់ប្រទេសកូរ៉េខាងជើងដែលធ្វើឱ្យប្រទេសមួយចំនួនក្នុងអង្គការសហប្រជាជាតិចុះហត្ថលេខាដាក់ទណ្ឌកម្មទៅលើប្រទេសនេះ៕