ប៉ូលិសបានឲ្យដឹងថាសារធាតុគីមីដែលប្រើសម្រាប់អំពើឃាតកម្មលើលោក គីម ជុងណាម ជាប្រភេទសារធាតុសរសៃប្រសាទ VX

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១៧

ប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថាសារធាតុគីមីដែលប្រើក្នុងការសម្លាប់បងប្រុសចុងរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាសារធាតុថ្នាំសរសៃប្រសាទ VX។ អង្គការសហប្រជាជាតិបានឲ្យដឹងថា VX ជាសារធាតុពុលកំរិតខ្ពស់ដែលគេប្រើសម្រាប់សង្គ្រាមគីមីហើយដែលគេចាត់ទុកថាជាអាវុធសម្រាប់ធ្វើឲ្យវិនាស។ ប៉ូលិសម៉ាឡេស៊ីនិយាយថាសំណល់សារធាតុ VX ត្រូវគេរកឃើញតាមរយៈរបាយការណ៍បឋមមួយដែលបានមកពីមន្ទីរពិសោធន៍ដោយបានធ្វើកោសល្យវិច្ច័យវិភាគទៅលើភ័ស្តុតាងដែលរកឃើញនៅកន្លែងកើតហេតុ។ សារធាតុគីមីត្រូវបានគេយកចេញពីភ្នែក និងមុខរបស់បុរសជនជាតិកូរ៉េខាងជើងដែលស្លាប់នោះដោយនាយកដ្ឋានគីមីវិទ្យានៃប្រទេសម៉ាឡេស៊ី។ ប្រធានប៉ូលិសនិយាយថាក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្វែងរកប្រភពនៃសារធាតុថ្នាំសរសៃប្រសាទដើម្បីឲ្យដឹងថាតើវាត្រូវបានគេនាំចូលឬផលិតនៅក្នុងប្រទេសម៉ាឡេស៊ី។ លោក គីម ស្លាប់ដោយថ្នាំពុលកាលពីសប្តាហ៍មុនបន្ទាប់ពីជនសង្ស័យជាស្រ្តី២នាក់សម្លាប់គាត់នៅព្រលានយន្តហោះទីក្រុងគូឡាឡាំពួ។ គាត់ធ្វើដំណើរម្នាក់ឯងទៅម៉ាកាវជាកន្លែងដែលគាត់រស់នៅអស់រយៈពេលជាច្រើនឆ្នាំក្នុងការនិរទេសខ្លួន។ គួរបញ្ជាក់ផងដែរថាសារធាតុ VX ជាអាវុធគីមីមួយដែលបណ្តាលឲ្យស្លាប់បាន ហើយវាអាចប្រើនៅក្នុងអង្គធាតុរាវ និងក្រែម។ វាជ្រាបចូលទៅក្នុងស្បែក ហើយអាចធ្វើឲ្យយើងស្លាប់យ៉ាងលឿននៅក្នុងរយៈពេល១៥នាទីឬលើសពី៣ ទៅ ៤ម៉ោង៕