ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់និយាយនៅថ្ងៃអង្គារិ៍នេះថាមនុស្សយ៉ាងហោចណាស់១៦០នាក់ស្លាប់ក្នុងរយៈពេលត្រឹមតែ៣ខែក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធា និងក្រុមជនជាតិភាគតិចភូមា។ មនុស្សប្រមាណជា២០,០០០នាក់ត្រូវជម្លៀសខ្លួនចេញចាប់តាំងពីមានការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្បែរព្រំដែនប្រទេសចិនកាលពីចុងខែវិច្ឆិកាកន្លងមក។ ភាពចលាចលនេះកើតឡើងនៅទូទាំងភាគខាងជើងនៃរដ្ឋ Shan និងបន្តទៅដល់តំបន់ក្បែរនោះឈ្មោះថា Kachin។ ការចលចលនេះបានរារាំងទៅដល់ការជម្រុញរបស់រដ្ឋាភិបាលលោកស្រី Aung San Suu Kyi ក្នុងការបញ្ចប់ជម្លោះនៅព្រំដែនដែលកើតឡើងជាច្រើនទសវត្សរ៍មកហើយ។ ការរឹតបន្តឹងកងកម្លាំងយោធាត្រូវដាក់ពង្រាយយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ បន្ទាប់ពីក្រុមប្រដាប់អាវុធជាច្រើនក្រុមចាប់ផ្តើមវាយប្រហារដ៏ធំមួយនៅក្នុងខែវិច្ឆិកា។ កងទ័ពឆ្លើយតបដោយប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ និងការវាយប្រហារតាមអាកាសវិញផងដែរ។ ក្រុមអ្នកជំនាញនិយាយថាការប្រយុទ្ធគ្នានៅតំបន់ព្រំដែនគឺបន្តជម្រុញភាពតានតឹងដែលបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ ការប្រយុទ្ធគ្នានេះបានធ្វើឱ្យអង្គការសហប្រជាជាតិព្រមានអំពីវិបត្តិដែលកើតឡើងចេញពីជម្លោះនៅក្នុងតំបន់នេះពិសេសនៅក្នុងតំបន់ជម្លោះ Kachin ដែលមានមនុស្សប្រមាណជា១០០,០០០នាក់ជម្លៀសចេញចាប់តាំងពីឆ្នាំ២០១១មក។ ជម្លោះនៅតំបន់ Shan ប្រធានផ្នែកបុគ្គលិកទូទៅបានបញ្ជាក់ថាទាហាន៧៤នាក់ ប៉ូលិស១៥នាក់កងយុទ្ធជនជីវពលរដ្ឋាភិបាល១៣នាក់ និងជនស៊ីវិល១៣នាក់ត្រូវបានសម្លាប់។ លោក Mya Tun Oo បានបញ្ជាក់ប្រាប់ថា “យើងមានសាកសពសត្រូវប្រមាណជា៤៥នាក់ និងចាប់ខ្លួនបាន៤នាក់។ មនុស្សរាប់រយនាក់ផ្សេងទៀតដែលបានបះបោរប្រហែលជាស្លាប់នៅក្នុងអំពើហិង្សានេះ”៕