ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧
គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងបានមកដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារិ៍ទី២៨ ខែកុម្ភៈនេះដើម្បីអះអាងទៅលើសាកសពដែលគ្រប់គ្នាគិតថាជាលោក គីម ជុងណាម។ លោក Ri Tong Il បញ្ជាក់ទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុង Kuala Lumpur នេះថា “គោលដៅនៃដំណើរទស្សនៈកិច្ចនេះគឺដើម្បីដោះស្រាយទៅលើបញ្ហាមនុស្សជាតិ”។ លោកបន្ថែមថាក្រុមការងាររបស់លោកនឹងពិភាក្សាជាមួយនឹងមន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ីលើបញ្ហាធំសំខាន់ៗចំនួន៣ គឺទី១ការទាមទារយកសាកសពជនជាតិកូរ៉េខាងជើងដែលស្លាប់នៅថ្ងៃទី១៣ ខែកុម្ភៈ ទី២ទាមទារឱ្យដោះលែងជនជាតិកូរ៉េខាងជើងម្នាក់ដែលប៉ូលិសចាប់ខ្លួនក្នុងករណីឃាតកម្មលើបុរសម្នាក់នេះ និងទី៣ការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកូរ៉េខាងជើង និងរដ្ឋាភិបាលម៉ាឡេស៊ី។ ជនជាតិកូរ៉េខាងជើងដែលគេចាប់ឃុំខ្លួនពាក់ព័ន្ធនឹងករណីសម្លាប់មនុស្សនៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur មានឈ្មោះថា Ri Jong Chol អាយុ៤៦ឆ្នាំ។ យ៉ាងហោចណាស់ជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតក៏ជាប់សង្ស័យក្នុងការសម្លាប់លោក គីម ជុងណាម ដែរ និងកំពុងស៊ើបអង្កេតជាបន្ត៕