សិស្ស១២នាក់រងបួសក្នុងហេតុការណ៍រថយន្តបុករះចូលទៅក្នុងក្រុមតន្ត្រីក្បួនដង្ហែក្នុងពីធីបុណ្យ Mardi Gras ក្នុងរដ្ឋ Alabama

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៧

ក្រុមមន្រ្តីបានឲ្យដឹងថាអ្នកបើកបររថយន្ត SUV ម្នាក់បើករថយន្តបុករះចូលក្នុងក្រុមតន្រ្តីរបស់សិស្សវិទ្យាល័យក្នុងក្បួនដង្ហែពិធីបុណ្យ Mardi Gras ក្នុងទីក្រុង Gulf Shores កាលពីព្រឹកថ្ងៃអង្គារនេះធ្វើឲ្យសិស្សចំនួន១២នាក់រងរបួស។ សិស្ស៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៨នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ South Baldwin។ បុរសម្នាក់អាយុ៧៣ឆ្នាំមកពីទីក្រុង Fairhope ក្នុងរដ្ឋ Alabama បានបើករថយន្ត SUV តាមក្រោយក្រុមតន្រ្តីនៅម៉ោងប្រមាណជា១០ព្រឹកថ្ងៃអង្គារ នៅពេលនោះរថយន្តរបស់គាត់បានបង្កើនល្បឿន ហើយបុករះសិស្សជាច្រើននាក់ក្នុងក្រុមតន្រ្តីនោះ។ អាជ្ញាធរបានឲ្យដឹងថាបុរសដែលបើករថយន្តបង្ករហេតុនេះគ្មានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនឬក៏សារធាតុស្រវឹងនោះទេ ហើយក៏គ្នានចេតនាបង្ករហេតុនោះដែរ។ ជនសង្ស័យស្ថិតនៅក្នុងមន្ទីរឃុំឃាំង និងកំពុងសហការជាមួយប៉ូលិសរួមទាំងបានស្ម័គ្រចិត្តផ្តល់គំរូឈាម។ លោក Edward Delmore មេប៉ូលិសទីក្រុង Gulf Shores និយាយថាការស៊ើបអង្កេតកំពុងបន្ត។ យើងនឹងមិនធ្វើការសម្រេចចិត្តណាមួយឡើយរហូតដល់ការស៊ើបអង្កេតនេះចប់។ មានព័ត៌មានជាច្រើនតែមិនអាចផ្តល់ឱ្យបានព្រោះវាអាចបង្អាក់ដ៏ភាពត្រឹមត្រូវនៃការស៊ើបអង្កេត។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនមានហតុការណ៍គ្រោះថ្នាក់មួយបង្ករដោយរថយន្ត Pick up មួយគ្រឿងបើកបរដោយជនសង្ស័យឈ្មោះ Neilson Rizzuto អាយុ២៥ឆ្នាំបានបុករះមកលើក្បួនដង្ហែពិធីបុណ្យ Endymion Krewe បណ្តាលឲ្យមនុស្ស៣២នាក់រងរបួស។ ប៉ូលិសទីក្រុង New Orleans បានឲ្យដឹងថាជនសង្ស័យមានកម្រិតជាតិអាកុលក្នុងឈាមជិត៣ដងនៃកម្រិតស្របច្បាប់កំណត់ត្រឹម០,០៨៕