ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧
យោងតាមប្រភពព័ត៌មានពីប៉ូលិសប្រទេសអាល្លឺម្មង់ជនល្មើសជិះកង់ម្នាក់បានជះទឹកអាស៊ីតមកលើមុខរបស់ស្ត្រីម្នាក់ក្នុងទីក្រុងប៊ែកឡាំង នេះជាករណីទី៥ហើយដែលមានការវាយប្រហារបែបនេះក្នុងរយៈពេល៣ខែកន្លងមកនេះ។ ស្ត្រីវ័យ២៧ឆ្នាំម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរងរបួសភ្នែកធ្ងន់ធ្ងរបន្ទាប់ពីមានបុរសជិះកង់ម្នាក់ជះទឹកអាស៊ីតមកលើមុខរបស់នាង ខណៈដែលនាងកំពុងដើរលើផ្លូវក្នុងស្រុក Friedrichshain ភាគខាងកើតទីក្រុងប៊ែកឡាំងកាលពីថ្ងៃចន្ទ។ យោងតាមការផ្តល់ព័ត៌មានពីស្រ្តីរងគ្រោះបានឲ្យដឹងថាជនល្មើសស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ហើយរត់គេចខ្លួនបាត់ភ្លាមៗ។ គួរបញ្ជាក់ផងដែរថានេះជាការវាយប្រហារលើកទី៥ហើយក្នុងទីក្រុងប៊ែកឡាំងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦ មកម្លេះ។ បច្ចុប្បន្នមន្រ្តីប៉ូលិសទីក្រុងប៊ែកឡាំងកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ៕