យន្តហោះចម្បាំងសហរដ្ឋអាមេរិកវាយប្រហារក្រុមអាល់កៃដាក្នុងប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧

មន្ទីរបញ្ចកោណប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានវាយប្រហារតាមផ្លូវអាកាសប្រមាណជា២០ដងក្នុងប្រទេសយេម៉ែនខណៈដែលមន្ទីរបញ្ចកោណបន្តយុទ្ធនាការកាន់តែខ្លាំងក្នុងការវាយប្រហារគោលដៅណាដែលជាប់ពាក់ព័ន្ធនឹងពួកអាល់កៃដានៅឧបទ្វីបអារ៉ាប់។ ការវាយប្រហារនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែមីនាម៉ោងក្នុងស្រុក និងបានកំណត់គោលដៅវាយប្រហារលើពួកសកម្មប្រយុទ្ធលើឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ។ គួររំលឹកថាកាលពីថ្ងៃទី២៩ ខែមករាកន្លងមក មន្ទីរបញ្ចកោណបានចាប់ផ្តើមការវាយឆ្មក់ដោយប្រើកងកម្លាំងកម្មង់ដូពិសេសប្រឆាំងនឹងសាខាតែមួយរបស់ក្រុមអាល់កៃដាដែលជាលទ្ធផលក្នុងការវាយឆ្មក់នេះបណ្តាលឲ្យកងទ័ពជើងទឹកម្នាក់របស់សហរដ្ឋអាមេរិកលោក William Ryan Owens បាត់បង់ជីវិត។ លោក Jeff Davis វរនាវីឯកកងទ័ពជើងទឹក​ និងជាអ្នកនាំពាក្យមន្ទីរបញ្ចកោណនិយាយថា​ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នេះធ្វើឡើងក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលប្រទេសយេម៉ែន។ ប្រទេសយេម៉ែនរងការបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលរវាងកងកម្លាំងស្មោះត្រង់នឹងរដ្ឋាភិបាល និងពួកឧទ្ទាម Houthis។ ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ឬហៅកាត់ថា AQAP បានឈានជើងចូលប្រទេសនេះដើម្បីជម្រុញ និងវាយប្រហារដោយផ្ទាល់ក្នុងគោលបំណងប្រឆំាងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ ការវាយប្រហារនេះនឹងបន្ថយសមត្ថភាពរបស់ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ក្នុងការសម្របសម្រួលការវាយប្រហារភេរវកម្មខាងក្រៅប្រទេស និងកំណត់ដែនសមត្ថភាពរបស់ពួកអាល់កៃដាដែលប្រើប្រាស់ទឹកដីដែលរឹបអូសបានពីរដ្ឋាភិបាលស្របច្បាប់នៃប្រទេសយេម៉ែនសម្រាប់ជាទីកន្លែងដែលមានសុវត្ថិភាពដើម្បីរៀបចំផែនការបង្ករអំពើភេរវកម្មណាមួយ។ ប្រតិបត្តិការវាយឆ្មក់កាលពីថ្ងៃទី២៩ ខែមករាកន្លងមកនេះបានក្លាយទៅជាការនិយាយបំផ្លើសផ្នែកនយោបាយដោយលោក Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកប្រកាសថាវាជាប្រតិបត្តិការដែលទទួលបានជោគជ័យគ្រាដែលរូបលោកបានថ្លែងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃអង្គារនេះ។ ប៉ុន្តែអ្នកដទៃទៀតរួមមានលោក Sen. John McCain លោក R-Ariz និងប្រធាននៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធបានហៅប្រតិបត្តិការវាយវាយឆ្មក់នេះថាទទួលបរាជ័យ។ ចំនុចដែលទទួលបរាជ័យគឺការបាត់បង់ជីវិតលោក William Ryan Owens ខាត់បងយន្តហោះចម្បាំងដែលមានតម្លៃរហូតដល់ទៅ៩០លានដុល្លារ និងធ្វើឲ្យជនស៊ីវិលរងរបួសជាច្រើននាក់ទៀត៕