ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៧
ជនសង្ស័យជនជាតិកូរ៉េខាងជើងម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មសម្លាប់លោក គីម ជុងណាម ដែលត្រូវជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំង និងដឹកចេញដោយក្បួនរថយន្តប៉ូលីស។ លោក Ri Jong Chol ដែលត្រូវគេចាប់ឃុំខ្លួនបន្ទាប់ពីការសម្លាប់លោក គីម ជុងណាម តាំងថ្ងៃទី ១៣ ខែកុម្ភៈ ត្រូវគេរំពឹងថាបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍ដើម្បីរៀបចំឯកសារចាកចេញទៅកាន់ប្រទេសកូរ៉េខាងជើងវិញ នេះបើតាមការបញ្ជាក់របស់មន្ត្រីម៉ាឡេស៊ីនិយាយទៅកាន់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្មានថ្ងៃបន្ទាប់ពីឃាតកម្មសម្លាប់លោក គីម ជុងណាម លោក Ri ត្រូវបានចាប់ឃុំខ្លួន ប៉ុន្តែអគ្គព្រះរាជអាជ្ញាម៉ាឡេស៊ីបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថាជនសង្ស័យនេះត្រូវបានដោះលែងដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់។ ចំណែកស្រ្តីជនជាតិវៀតណាម និងស្រ្តីជនជាតិឥណ្ឌូនេស៊ីដែលត្រូវចោទប្រកាន់ពីបទមនុស្សឃាត ប៉ុន្តែប៉ូលិសក៏បានកំណត់អត្តសញ្ញាណជនជាតិកូរ៉េខាងជើង៧នាក់ផ្សេងទៀតដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះផងដែរ៕