កូរ៉េខាងជើងបាញ់ម៉ីស៊ីលជាច្រើនគ្រាប់ដែល៣គ្រាប់ធ្លាក់ចូលក្នុងដែនទឹកជប៉ុន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៧

នៅព្រលឹមថ្ងៃច័ន្ទនេះកងកម្លាំងយោធារបស់កូរ៉េខាងត្បូងបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ចេញពីតំបន់ Tongchang-ri ដែលជាទីតាំងមូលដ្ឋាននៃគ្រាប់មីស៊ីលរបស់ពួកគេ។ មីស៊ីលទាំងនេះបាញ់ចេញពីឆ្នេរសមុទ្រខាងកើតនៃប្រទេសនេះដែលហោះហើរនៅក្នុងល្បឿន១,០០០គីឡូម៉ែត្រ។ កាលពីឆ្នាំមុនតំបន់ Tongchang-ri គឺនៅក្បែរព្រំដែនរបស់កូរ៉េខាងជើង និងប្រទេសចិនដែលកន្លែងនេះក៏ធ្លាប់បានបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងគន្លងតារាវិថីដែលត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិថាបានរំលោភលើការសម្រេចចិត្តក្នុងការហាមប្រាមទៅលើការប្រើប្រាស់បច្ចេកវិទ្យាម៉ីស៊ីលនេះ។ កងកម្លាំងយោធាកូរ៉េខាងត្បូងបញ្ជាក់ថាការបាញ់នេះកើតឡើងនៅម៉ោង៧:៣៦ព្រឹកម៉ោងក្នុងស្រុក (ម៉ោង ៦:៣៦ព្រឹកម៉ោងនៅក្នុងប្រទេសសិង្ហបុរី) ហើយប្រភេទនៃគ្រាប់បាញ់ផ្លោងកំពុងស្ថិតក្រោមការវិភាគផងដែរ។ ក្រុងសេអ៊ូលបញ្ជាក់ថាមីស៊ីលជាច្រើនគ្រាប់បានធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត (East Sea) ដែលគេស្គាល់ថាជាសមុទ្រជប៉ុន ហើយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងតែវិភាគ តាមដានយ៉ាងដិតដល់ទៅលើទិន្នន័យលម្អិតជាច្រើនទៀត។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និយាយថាទីក្រុងតូក្យូប្រឆាំងតវ៉ាយ៉ាងខ្លាំងជាមួយប្រទេសកូរ៉េខាងជើងបន្ទាប់ពីប្រទេសនេះបាញ់គ្រាប់ម៉ីស៊ីល៤គ្រាប់ដែលក្នុងនោះមាន៣គ្រាប់ធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone) របស់ប្រទេសជប៉ុន។ មន្ត្រីរបស់រដ្ឋាភិបាលជប៉ុននិយាយថានៅមិនទាន់មានរបាយការណ៍នៃការខូចខាតទៅលើការដឹកជញ្ជូន ឬយន្តហោះរបស់ខ្លួននៅឡើយទេបន្ទាប់ពីមានការបាញ់មីស៊ីល៕