LinkedIn បដិសេធមិនអនុវត្តតាមច្បាប់ផ្ទុកទិន្នន័យរបស់រុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៧

អង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយឈ្មោះថា Roskomnadzor និយាយថា LinkedIn ជាកម្មវិធីបណ្តាញសង្គមមួយដែលត្រូវហាមឃាត់ក្នុងប្រទេសរុស្ស៊ី ដែលបដិសេធមិនដាក់ម៉ាស៊ីនទិន្នន័យ Servers របស់ខ្លួនស្របទៅតាមការអនុវត្តច្បាប់របស់ប្រទេសរុស្សីនោះទេ ហើយទីបំផុតកម្មវិធីនេះត្រូវ Blocked មិនឱ្យប្រើប្រាស់។ Roskomnadzor និយាយទៀតថាបានទទួលសំបុត្រមួយច្បាប់ពីក្រុមហ៊ុន LinkedIn ដែលបង្ហាញថាក្រុមហ៊ុនមានភាពស្ទាក់ស្ទើរក្នុងការអនុវត្តតាមច្បាប់របស់ប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍មួយដែលចេញដោយ Roskomnadzor និយាយថាក្រុមហ៊ុននេះបានបដិសេធក្នុងការអនុវត្តលក្ខខណ្ឌផ្ទេរទិន្នន័យរបស់ពលរដ្ឋរុស្សីទាំងអស់ទៅកាន់ទឹកដីប្រទេសរុស្សីវិញ។ លោក Ariel Eckstein នាយកគ្រប់គ្រងទូទៅនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា LinkedIn បានពិភាក្សាគ្នាអំពីតម្រូវការជាច្រើនដែលកំណត់ដោយច្បាប់នៅក្នុងប្រទេសរុស្ស៊ីជាមួយនឹង Roskomnadzor នៅក្នុងខែធ្នូ ប៉ុន្តែភាគីទាំង២មិនទាន់យល់ស្របទៅនឹងលក្ខខណ្ឌព្រមព្រៀងគ្នានោះទេ។ ក្នុងខែធ្នូ មន្ត្រីមួយរូបឈ្មោះ Vadim Ampelonsky របស់ Roskomnadzor បានពិគ្រោះយោបល់ជាមួយនឹងលោក Pablo Chavez អនុប្រធានរបស់ក្រុមហ៊ុន​ LinkedIn ទៅលើគោលនយោបាយសាធារណៈជាសកល និងកិច្ចការរដ្ឋាភិបាលសម្រាប់តម្រូវការជាច្រើននៃកម្មវិធីបណ្តាញសង្គមដើម្បីចាប់ផ្តើមប្រតិបត្តិការជាថ្មីនៅក្នុងប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែវិច្ឆិកា បណ្តាញសង្គមនេះនិយាយថាខ្លួនកំពុងតែពិចារណាទៅលើជម្រើសមួយចំនួនដើម្បីអាចបន្តនៅក្នុងប្រទេសរុស្ស៊ី និងបានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយនឹងមន្ត្រីអាជ្ញាធរក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។ កម្មវិធីបណ្តាញសង្គមនេះត្រូវបាន Blocked ដោយសារតែមិនអនុវត្តតាមច្បាប់ឯកជនភាពរបស់ប្រទេសរុស្សីដែលបានកំណត់ថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាពលរដ្ឋរុស្ស៊ីត្រូវតែរក្សាទុកដាច់ខាតនៅលើទឹកដីប្រទេសរុស្ស៊ី។ ការសម្រេចចិត្តក្នុងការ Block កម្មវិធីបណ្តាញសង្គមនេះត្រូវបានតម្កល់នៅតុលាការទីក្រុងមូស្គូនៅដើមខែវិច្ឆិកា។ LinkedIn បានសរសេរនៅក្នុងសំបុត្រមួយទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនថាអ្នកប្រើប្រាស់មិនអាចចូលទៅដំណើរការកម្មវិធីនេះបានទៀតនោះទេនៅក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាមិញពលរដ្ឋរុស្សីនៅតែអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមនេះបានដដែលពេលនៅក្រៅប្រទេសរុស្ស៊ី។ ច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យឯកជនភាពត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០១៥ ហើយតាមរយៈ Roskomnadzor រកឃើញថាក្រុមហ៊ុនប្រមាណជា១,៥០០បានអនុលោមតាមច្បាប់នេះ។ ក្រុមហ៊ុនបរទេសធំៗដូចជា Google, Viber និង​ Samsung ក៏បានផ្លាស់ប្តូរម៉ាស៊ីន Servers របស់ពួកគេមកកាន់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសរុស្ស៊ីផងដែរ៕