មនុស្សប្រមាណជា៣០នាក់ស្លាប់ក្នុងការវាយប្រហារលើមន្ទីរពេទ្យយោធាមួយក្នុងទីក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៧

ក្រសួងការពារជាតិបានឲ្យដឹងថាការវាយប្រហារទៅលើមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុលបន្សល់ទុកអ្នកស្លាប់ប្រមាណជា៣០នាក់។ ក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ស្លៀកពាក់ជាវេជ្ជបណ្ឌិតបានវាយប្រហារទៅលើមន្ទីរពេទ្យយោធាដែលនៅជិតស្ថានទូតសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃពុធ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិលោក Dawlat Waziri បានឲ្យដឹងថាមនុស្សប្រមាណជា៣០នាក់ស្លាប់ និង៥០នាក់ទៀតរងរបួសក្នុងការវាយប្រហារនេះ។ យោងតាម TOLO News បានរាយការណ៍ថាក្រុមភេរវកររដ្ឋអ៊ីស្លាម (IS អតីត/ISIL ISIS) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើមន្ទីរពេទ្យ Sardar Daud Khan នេះ។មន្ត្រីសន្តិសុខម្នាក់បានប្រាប់រ៉យទ័រថាការវាយប្រហារនេះបានចាប់ផ្តើមជាមួយនឹងការផ្ទុះមួយនៅខាងក្រោយមន្ទីរពេទ្យ បន្ទាប់មកមានខ្មាន់កាំភ្លើងប្រហែលពី ៣ ទៅ ៥នាក់កាន់អាវុធស្វ័យប្រវត្តិ និងគ្រាប់បែកដៃដើរចូលទៅក្នុងអគារ។ បុគ្គលិកពេទ្យដែលជាប់នៅក្នុងអគារនោះបានបង្ហោះសារដែលអស់សង្ឃឹមដើម្បីសុំជំនួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីមានការវាយប្រហារទៅលើស្ថានីយ៍ប៉ូលិសមួយ និងការិយាល័យសេវាកម្មស៊ើបការណ៍សម្ងាត់មួយនៅក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃពុធដែលបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត៕