ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០១៧
គេហទំព័រ WikiLeaks ទម្លាយថា CIA និង MI៥ មានសមត្ថភាពចូលលួចទិន្នន័យក្នុងទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន Samsung ដោយបម្លែងឧបករណ៍ទាំងនោះទៅជាឧបករណ៍ចារកម្មដើម្បីលួចស្តាប់ព័ត៌មាននៃការសន្ទនាទោះបីជាទូរទស្សន៍ទាំងនេះបិទក៏ដោយ។ បច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងការធ្វើចារកម្មនេះត្រូវរៀបរាប់យ៉ាងលម្អិតនៅក្នុងទិន្នន័យចុងក្រោយបំផុតរបស់ WikiLeaks ដែលចុះផ្សាយនៅថ្ងៃអង្គារដោយគូសបង្ហាញអំពីរបៀបដែល CIA និង MI៥ សហការគ្នានៅក្នុងសិក្ខាសាលាកាលពីមិថុនា ឆ្នាំ២០១៤។ សិក្ខាសាលានេះបង្ហាញពីលទ្ធផលនៃការអភិវឌ្ឍទៅលើបច្ចេកទេសក្នុងការចូលលួចទិន្នន័យ និងការស្តាប់ដោយសម្ងាត់ដែលគេដាក់ឈ្មោះថា “Weeping Angel” ។ បច្ចេកទេសនេះត្រូវបានប្រើប្រាស់ដើម្បីចូលលួចទិន្នន័យក្នុងទូរទស្សន៍ឆ្លាតវៃស៊េរី Samsung F8000 Smart TV។ ទូរទស្សន៍ឆ្លាតវៃស៊េរី Samsung F8000 ដាក់លក់នៅក្នុងឆ្នាំ២០១៣ និងចាត់ទុកថាជាទូរទស្សន៍ដ៏ប្រណិតបំផុត។ ទូរទស្សន៍នេះត្រូវបានចែកចាយទូទាំងពិភពលោក ហើយវាមានសតម្ថភាពគ្រប់គ្រងការបញ្ជាដោយអ្នកទស្សនាផ្ទាល់តែម្តងដោយប្រើប្រាស់សំឡេងឬកាយវិការ។ ក្រុមហ៊ុន Samsung ក្លាយជាម៉ាកទូរទស្សន៍ដែលលក់ដាច់ជាងគេបំផុតនៅក្នុងពិភពលោកជាច្រើនទសវត្សន៍កន្លងដែលមានចំនួន២១%ក្នុងទីផ្សារពិភពលោកក្នុងឆ្នាំ២០១៥។ តែចំនួននៃការលក់ទូរទស្សន៍ឆ្លាតវៃ Samsung F8000 នៅមិនទាន់ដឹងនៅឡើយទេ។ យោងទៅតាមឯកសារជាច្រើនដែលចេញផ្សាយដោយគេហទំព័រ WikiLeaks និយាយថា បើទោះបីជាទូរទស្សន៍បិទក៏ដោយ វានៅតែអាចថតសំឡេងបានតាមរយៈការប្រើប្រាស់ Fake-Off Mode ដែលគ្រប់គ្រងទៅលើអំពូល LED។ វានៅមិនទាន់ច្បាស់ទេថាតើសំឡេងនេះអាចទាញយកតាមរយៈការ Streamed ឬការ Downloaded។ នៅក្នុងឯកសារ “To Do/Future Work” ពិភាក្សាផងដែរទៅលើគម្រោងជាច្រើនក្នុងការ Stream សំឡេងចេញពីទូរទស្សន៍។ ឯកសារនេះទម្លាយថា CIA និង MI៥ អភិវឌ្ឍសមត្ថភាពក្នុងការទាញយកទិន្នន័យចេញពី Browser & WPA/Wi-Fi និងប្រវត្តិ History នៃការប្រើប្រាស់តាមរយៈគម្រោងជាច្រើននៃការអភិវឌ្ឍទៅលើ Fake-Off Mode ដែលអាចបញ្ជូន និងផ្ទេរទិន្នន័យបើទោះបីជា Wi-Fi បិទក៏ដោយ។ Tools នេះមានឈ្មោះថា “Weeping Angel”៕