បន្ទាប់ពីបែកធ្លាយ #Vault៧៖ ប្រទេសចិនជម្រុញឲ្យអាមេរិកបញ្ឈប់ការលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររបស់ប្រទេសខ្លួន និងបណ្តាប្រទេសផ្សេងទៀត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៧

ក្រោយពីគេហទំព័រ WikiLeaks ទម្លាយពីសមត្ថភាពលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររបស់ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក CIA និងមានគោលដៅវាយប្រហារតាមរយៈ Routers ជាច្រើននៅក្នុងប្រទេសចិនផងដែរនោះ ក្រុងប៉េកាំងអំពាវនាវឱ្យអាមេរិកបញ្ឈប់សកម្មភាពរបស់ខ្លួនប្រឆាំងប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀត។​ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា “យើងជម្រុញឱ្យអាមេរិកបញ្ឈប់ការលួចស្តាប់ ការគ្រប់គ្រង ការលួចទិន្នន័យសម្ងាត់ និងការលួចជ្រៀតចូលក្នុងប្រព័ន្ធអ៊ីនធើណិតប្រឆាំងទៅនឹងប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀត”។ ការអំពាវនាវនេះកើតឡើងបន្ទាប់ពីឯកសារសម្ងាត់ #Vault៧ ដែលទម្លាយដោយ WikiLeaks ថាគោលដៅនៃការវាយប្រហាររបស់ CIA តាមរយៈការលួចជ្រៀតចូលទៅក្នុង Routers ជាច្រើនដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនធំៗនៅចិនដូចជា Huawei និង ZTE រួមទាំងក្រុមហ៊ុនចែកចាយ Zyxel របស់តៃវ៉ាន់ផងដែរ។ ឯកសារនេះបានទម្លាយពីព័ត៌មានលម្អិតនៃ “កម្មវិធីសម្រាប់លួចជ្រៀតចូលយ៉ាងសម្ងាត់ជាសកល” របស់ CIA ដែលបង្កប់នៅក្នុងផលិតផលប្រើប្រាស់ជាច្រើនដូចជាទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple, Android របស់ក្រុមហ៊ុន Google, Windows របស់ក្រុមហ៊ុន Microsoft និងទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន Samsung ដែលបម្លែងសំឡេងចូលទៅជាមេក្រូ។ ឯកសារសម្ងាត់សរុប8761ដែលទម្លាយដោយ WikiLeaks គឺបានត្រឹមតែ1%ប៉ុណ្ណោះនៃឯកសារសម្ងាត់ #Vault៧។ ក្រុងប៉េកាំងក៏ត្រូវសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀតចោទប្រកាន់ថាលួចស្តាប់ទិន្នន័យដូចគ្នាដែរ។ នៅខែធ្នូ អតីតមន្រ្តីមន្ទីរបញ្ចកោណលោក Michael Maloof ប្រាប់សារព័ត៌មាន RT ថាប្រទេសចិនមិនត្រឹមតែលួចស្តាប់ព័ត៌មានប៉ុណ្ណោះទេ ថែមទាំងព្យាយាមលួចបច្ចេកវិទ្យាចេញពីក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកគ្រប់ពេលវេលា។ នៅខែតុលារបាយការណ៍មួយចោទប្រកាន់ថា ប្រទេសចិនលួចជ្រៀតចូលទៅកាន់ទីភ្នាក់ងារស៊ើបការណ៍អាមេរិក និងគណនីអ៊ីម៉ែលរបស់មន្រ្តីសហរដ្ឋអាមេរិកដែលមានគោលដៅប្រមូលព័ត៌មានអំពីអាវុធនុយក្លេអ៊ែរ ការស៊ើបអង្កេតរបស់ប៉ូលិស FBI និងផែនការសង្គ្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here