ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៧
ប៉ូលិសបញ្ជាឱ្យផ្សារទំនើបមួយកន្លែងនៅទីក្រុង Essen ខាងលិចប្រទេសអាល្លឺម៉ង់មិនឱ្យបើកដំណើរការកាលពីថ្ងៃសៅរ៍នេះបន្ទាប់ពីទទួលបានព័ត៌មានគួរឱ្យជឿជាក់ថានឹងមានការវាយប្រហារ។ ផ្សារទំនើប និងចំណតរថយន្តដែលស្ថិតនៅជិតផ្សារទំនើបនេះបានបិទទ្វារខណៈមន្ត្រីប៉ូលិសបានដាក់កម្លាំងពង្រាយជុំវិញបរិវេណផ្សារទំនើបដើម្បីឱ្យប្រាកដថាគ្មាននរណាម្នាក់អាចចូលទៅក្នុងផ្សារទំនើបនេះបាន។ មន្ត្រីប៉ូលិសជាច្រើននាក់ស្វែងរកវត្ថុសង្ស័យខាងក្នុងអាគារ ដើម្បីសំអាតនៅពេលព្រឹកព្រលឹម។ លោកChristoph Wickhorst អ្នកនាំពាក្យប៉ូលិសបានឲ្យដឹងថាពួកយើងជាអាជ្ញាធរសន្តិសុខដែលនៅទីនេះបានធ្វើការសម្រេចចិត្តបិទផ្សារមួយនេះ ដោយមូលហេតុប៉ូលិសបានទទួលសញ្ជាប្រាប់ពីការវាយប្រហារកាលពីយប់ថ្ងៃសុក្រដោយទីភ្នាក់ងារសន្តិសុខ ប៉ុន្តែរូបលោកមិនបានផ្តល់ព័ត៌មានលម្អិតដោសារតែការស៊ើបអង្កេតកំពុងដំណើរការ។ បើយោងតាមគេហទំព័ររបស់ផ្សារទំនើប Limbecker Platz Square បានឲ្យដឹងថាផ្សារទំនើបនេះបានបិទទ្វារពេញមួយថ្ងៃ ហើយក៏ជាផ្សារទំនើបមួយដែលធំជាងគេនៅអាល្លឺម៉ង់ដែលមានហាងលក់ទំនិញរហូតដល់ទៅ២០០ហាង។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦មានមនុស្ស៣នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារទៅលើប្រាសា Sikh ក្នុងទីក្រុង Essen ដោយពួកក្មេងជំទង់មូស្លីមដែលមានដើមកំណើតនៅក្នុងប្រទេសអាល្លឺម៉ង់៕