ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស៦នាក់ស្លាប់បន្ទាប់ពីគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយបានផ្ទុះធ្វើឲ្យរង្គោះរង្គើរដ្ឋធានីម៉ូហ្កាឌីស៊ូប្រទេសសូម៉ាលីកាលពីថ្ងៃអង្គារ។ ការផ្ទុះនេះកើតឡើងនៅក្បែររោងមហោស្រពជាតិរបស់ទីក្រុងនេះដែលមានចម្ងាយមិនដល់១គីឡូម៉ែត្រពីបរិវេណរបស់ប្រធានាធិបតី។ យោងតាមអ្នកនាំពាក្យរបស់សាលាក្រុងម៉ូហ្កាឌីស៊ូ លោក Abdifitah Halane បានឲ្យដឹងថាមានមនុស្ស៦នាក់ស្លាប់។ លោកបានឲ្យដឹងបន្ថែមទៀតថាកាលពីសប្តាហ៍មុនមានមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និង១២នាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តពីរដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសសូម៉ាលី។ Reuters រាយការណ៍ថាការផ្ទុះនេះបានកើតឡើងមុនម៉ោង៦ល្ងាចម៉ោងនៅក្នុងស្រុកហើយមានការបាញ់កាំភ្លើងតាមក្រោយ។ រោងមហោស្រពនេះមានទីតាំងស្ថិតនៅក្បែរស្ថានីយ៍វិទ្យុ និងភោជនីយដ្ឋានមួយកន្លែងដែលបណ្តាលឲ្យអ្នកកាសែតជាច្រើនរងរបួសនៅក្នុងហេតុការណ៍ផ្ទុះនេះ៕