ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧
បុរសម្នាក់ដែលបានវាយប្រហារទីក្រុងឡុងដ៏កាលពីថ្ងៃពុធនេះ គេកំណត់អត្តសញ្ញាណថាជាជនជាតិដើមអង់គ្លេសដែលបង្កើនការព្រួយបារម្ភសាជាថ្មីអំពីការគំរាមកំហែងដែលបានចេញផ្សាយដោយក្រុមភេរវករក្នុងស្រុក។ នៅតែមានអំពើភេរវកម្មមិនឈប់បើទោះបីជាមានការការរឹតបន្តឹងដូចជាការហាមឃាត់ការធ្វើដំណើររបស់ប្រធានាធិបតី Trump ដែលកំណត់ទិសដៅភាគច្រើនទៅលើពួកមូស្លីម។ ខាងក្រោមនេះជាឧទាហរណ៍ថ្មីៗមួយចំនួននៃអំពើភេរវកម្មក្នុងស្រុកនៅក្នុងហរដ្ឋអាមេរិកដែលប្រព្រឹត្តដោយអ្នកដែលកើតក្នុងទឹកដីអាមេរិកឬអ្នកដែលបានទៅរស់នៅក្នុងប្រទេសនេះកាលពីវ័យក្មេង៖
– កាលពីថ្ងៃទី៣១ ខែមករាក្នុងក្រុង Denver មានហេតុការបាញ់សម្លាប់មន្រ្តីឆ្លងកាត់ម្នាក់ដោយជនល្មើស Joshua Cummings អាយុ៣៧ឆ្នាំ ដែលជាអតីតកងទ័ពមានឋានៈពលបាលត្រី។ មុនពេលការបាញ់ប្រហារមេដឹកនាំមូស្លីមម្នាក់បានផ្ញើលិខិតទៅកាន់ក្រសួងសន្តិសុខជាតិព្រមានថានឹងមានការវាយប្រហារមួយនឹងកើតឡើងនាពេលខាងមុខនេះ។
– កាលពីថ្ងៃទី១២ ខែមិថុនាក្នុងក្រុង Orlando មានហេតុការបាញ់ប្រហារនៅឯ Pulse Nightclub ដោយជនល្មើស Omar Mateen អាយុ២៩ឆ្នាំមានដើមកំណើតក្នុងតំបន់ New Hyde Park N.Y ដែលឪពុកម្តាយមកពីប្រទេសអាហ្វហ្គានីស្ថាន។ ជនល្មើសសច្ចាប្រណិធានថាស្មោះស្ម័គ្រចំពោះក្រុមរដ្ឋអ៊ីស្លាមខណៈដែលការវាយប្រហារបណ្តាលឲ្យមនុស្ស៤៩នាក់ស្លាប់មុនពេលដែលជនល្មើសរូបនេះត្រូវបាញ់សម្លាប់ដោយប៉ូលិស។
– កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ក្នុងក្រុង San Bernardino រដ្ឋ Californiaមានហេតុការបាញ់ប្រហារនៅការិយាល័យស្រុកដោយជនល្មើសមានដើមកំណើតមកពីទីក្រុងឈីកាហ្គោឈ្មោះ Syed Rizwan Farook អាយុ ២៨ឆ្នាំ និងប្រពន្ធរបស់គាត់ជនជាតិប៉ាគីស្ថាន អាយុ២៩ឆ្នាំ។ ក្នុងហេតុការបាញ់ប្រហារដោយប្តីប្រពន្ធនេះបណ្តាលឲ្យមនុស្សស្លាប់១៤នាក់នៅថ្ងៃជប់លៀងឈប់សម្រាក់មួយ ហើយក្រោយមកមពួកគេបានត្រូវបាញ់សម្លាប់ដោយប៉ូលិស។
– កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ក្នុងក្រុង Chattanooga រដ្ឋ Tennessee កងនាវា៤នាក់ និងពលទហានជើងទឹកម្នាក់ត្រូវបាញ់សម្លាប់នៅឯមជ្ឈមណ្ឌលបម្រុងកងទ័ពជើងទឹកដោយជនល្មើសឈ្មោះ Mhammad Youssef Abdulazzez អាយុ២៤ឆ្នាំមានដើមកំណើតក្នុងប្រទេសគុយវ៉ែត ប៉ុន្តែបានមករស់នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីវ័យក្មេងមកម្លេះ ដោយរូបគេទទួលបានការលើកទឹកចិត្តអោយមានការវាយប្រហារដោយអង្កការភេរវកម្មបរទេស។ លោក James Comey ប្រធាន FBI បាននិយាយថា Addulazzez ត្រូវសម្លាប់ដោយប៉ូលិស។
– កាលពីថ្ងៃទី២៥ ឆ្នាំ២០១៤ ក្នុងក្រុងMoore រដ្ឋ Oklahoma ជនល្មើស Alton Nolen អាយុ៣០ឆ្នាំរងការចោទប្រាកាន់ពីបទឃាតកម្មកាត់ក្បាលមនុស្សស្រីម្នាក់ដែលជាមិត្តរួមការងារក្នុងហាងអាហារមួយ។ FBI ចាត់ទុកថានេះជាករណីអំពើហិង្សានៅកន្លែងធ្វើការ ប៉ុន្តែក្រោយមកបានចាត់ទុកថានេះគឺជាអំពើភេរវកម្មដោយសារតែ Nolen ជនមូស្លីមដែលបានបង្ហោះរូបភាពអូសាម៉ាប៊ិនឡាដិន។
– កាលពីខែមេសាដល់ខែមិថុនាឆ្នាំ២០១៤ ក្នុងក្រុង Seattle និងរដ្ឋ New Jersey ជនល្មើសឈ្មោះ Ali Muhammad Brown ត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស៤នាក់នៅក្នុងទីតាំង៣ផ្សេងគ្នា ដែលទីតាំងទី១សម្លាប់បុរសម្នាក់នៅក្នុងក្រុង King រដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ ទីតាំងទី២សម្លាប់បុរស២នាក់នៅពេលដែលពួកគេចាកចេញពីក្លិបរាត្រីស្រលាញ់ភេទដូចគ្នានៅក្នុងក្រុង Seattle កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ និងទីតាំងទី៣សម្លាប់មនុស្សម្នាក់ទៀតកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ក្នុងក្រុង Essex រដ្ឋ New Jersey ដែលរាល់សកម្មភាពនេះហើយដែលជាលទ្ធផលក្នុងការចោទប្រកាន់ពីបទអំពើភេរវកម្ម។ Brown ប្រាប់ចៅក្រមស៊ើបអង្កេតថាការសម្លាប់មនុស្សទាំង៤នាក់គឺជាការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានប្រព្រឹត្តអំពើអាក្រក់របស់ខ្លួនទាំងក្នុងប្រទេស និងសកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងអាហ្វហ្គានីស្ថាន ហើយគាត់បន្ថែមទៀតថារូបគាត់ត្រូវគេជម្រុញឲ្យមានជំនឿលើសាសនាមូស្លីម។ នាពេលថ្មីៗនេះ Brown ត្រូវបានចោទប្រកាន់ក្នុងករណីក្លែងបន្លំលួចលុយក្នុងធនាគារក្នុងអំឡុងពេលឆ្នាំ២០០២ និងឆ្នាំ២០០៤ ដែលរដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានឱ្យដឹងថានេះគឺជាសកម្មភាពគាំទ្រដល់ក្រុមភេរវកម្ម al-Shabab នៅប្រទេសសូម៉ាលី។
– កាលពីថ្ងៃទី៥ ឆ្នាំ២០០៩ ក្នុងក្រុង Fort Hood រដ្ឋ Texas ខ្មាន់កាំភ្លើងនៅមូលដ្ឋានកងទ័ពក្នុងក្រុង Killeen រដ្ឋ Texas បានសម្លាប់មនុស្ស១៣នាក់ ដែលជនល្មើសជាកងទ័ពមានឈ្មោះ Nidal Hasan អាយុ៤៦ឆ្នាំដែលឪពុកម្តាយរបស់គេជាជនអន្តោប្រវេសន៍ប៉ាឡេស្ទីន។ Hasan ត្រូវគេផ្តន្ទាទោសពីបទឃាតកម្ម ហើយកំពុងរង់ចាំប្រហារជីវិត។
– កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៩ ក្នុងក្រុង Little Rock រដ្ឋ Arkansas ទាហានម្នាក់ត្រូវគេសម្លាប់ និងទាហានផ្សេងទៀតរងរបួសក្នុងហេតុការបើកឡានបាញ់ប្រហារទៅលើមន្ត្រីជ្រើសរើសយោធា ដោយជនល្មើសឈ្មោះ Abdulhakim Mujahid Muhammad អាយុ៣១ឆ្នាំ កើតនៅក្នុងតំបន់ Carlos Bledsoe ក្នុងក្រុង Memphis។ ជនល្មើសបានធ្វើដំណើរទៅកាន់ប្រទេសយេម៉ែនដែលជាទីកន្លែងដែលជនល្មើសចង់ចូលរួមធ្វើសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ គាត់បានប្រាប់អ្នកស៊ើបអង្កេតថាគាត់ចង់សម្លាប់បុគ្គលិកយោធារបស់សហរដ្ឋអាមេរិកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ លោក Muhammad សារភាពកំហុសនៅក្នុងឆ្នាំ២០១១៕