ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៧
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋាភិបាលទីក្រុងសេអ៊ូល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ប្រាប់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះថារូបលោកបានពន្យល់បកស្រាយអំពីការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD ផលិតឡើងដោយសហរដ្ឋអាមេរិកផ្ទាល់នៅឧបទ្វីបកូរ៉េទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងអំឡុងកិច្ចប្រជុំកំពូល។ លោក ដូណាល់ ត្រាំ បានផ្តល់ដំណឹងស្តីពីកិច្ចពិភាក្សារបស់លោកជាមួយមេដឹកនាំចិនលោក ស៊ី ជិនពីង ទៅកាន់នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-Ahn តាមប្រព័ន្ធទូរស័ព្ទនាថ្ងៃសៅរ៍នេះ។ ប្រទេសចិនបានបង្ហាញគោលជំហរប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ដែលពោរពេញទៅដោយប្រសិទ្ធភាពនេះ នៅលើទឹកដីកូរ៉េខាងត្បូង ដោយសារតែឥទ្ធិពលនៃរលកសញ្ញារ៉ាដាដ៏ខ្លាំងក្លាដែលមានសមត្ថភាពជ្រៀតចូលយ៉ាងជ្រៅទៅក្នុងដែនដីចិន។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD នៅក្នុងប្រទេសកូរ៉េដោយមានគោលដៅតែមួយគត់គឺការពារការគំរាមកំហែងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ការដាក់ពង្រាយប្រព័ន្ធ THAAD ធ្វើឡើងមួយថ្ងៃបន្ទាប់ពីការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន៤គ្រាប់របស់កូរ៉េខាងជើង៕
